សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Monday, September 30, 2013

អា​សម្លាញ់​អាប់ Facebook អត់​ឲ្យ​ខ្ញុំ​ប្រើ!

   រឿង​នេះ​វា​កើត​ឡើង​យូរ​ដែរ​ហើយ ទាក់ទង​នឹង​ល្បង Facebook, ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​ដោយ​ខ្ញុំ​នឹក​ថា​ប្រាកដ​ជា​មាន​អ្នក​ដូច​ខ្ញុំ​ដែរ ព្រោះ​ករណី​នេះ​មិន​មែន​មាន​តែ​មួយ​ទេ និង​ណាមួយ​ក៏​ចង់​ប្រាប់​ជា​ដំណឹង​ក្រែងលោ​មាន​អ្នក​ដែល​ចង់​រក​ខ្ញុំ​នៅ Facebook ថា​ខ្ញុំ​ឈប់​ប្រើ Facebook ដោយសារ​វា (Facebook) មិន​ឲ្យ​ខ្ញុំ​ប្រើ! ហើយ​ឥឡូវ​ក៏​មិន​នឹក​ចង់​ប្រើ​វា​ដែរ។


   ដែល​កាល​លើក​មុន​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្ដង​នោះ​គឺ "ទើប​តែ​ចាប់ផ្ដើម​ប្រើ Facebook ភ្លាម​ត្រូវ Facebook Block ភ្លែត (30 ថ្ងៃ)" ខ្ញុំ​ក៏​រង់ចាំ​រយៈពេល 30 ថ្ងៃ​ដើម្បី​បាន​ចូល​ប្រើ Facebook វិញ តែ​ល្បង Facebook បាន Block ខ្ញុំ​មិន​ឲ្យ​ប្រើ​រហូត មិន​ដឹង​ជា​វា​ខឹង​ខ្ញុំ​រឿង​អី។ ដូច្នេះ​ខ្ញុំ​ក៏​បង្កើត Email ថ្មី​មួយ​ទៀត ដើម្បី​យក​មក​ចុះ​ឈ្មោះ​ប្រើ Facebook មួយ​ទៀត (ព្រោះ​ថា​ គេ​មិន​អនុញ្ញាត​ឲ្យ​គណនី Email ដែល​ធ្លាប់​ចុះ​ឈ្មោះ​ប្រើ យក​ទៅ​ចុះ​ឈ្មោះ​ជា​ថ្មី​បាន​ទេ ទាល់តែ​រក Email ថ្មី​មួយ​ទើប​អាច​បង្កើត​បាន​ទៀត)។

   ដោយ​មិន​ទឺទែ ខ្ញុំ​បាន​បង្កើត​មួយ Email ថ្មី​មួយ​យក​ទៅ​ចុះ​ឈ្មោះ​បង្កើត​គណនី Facebook មួយ​ទៀត។ តែ​ដោយសារ​លើក​នេះ​មាន​ការ​ប្រុងប្រយ័ត្ន ខ្ញុំ​មិន​ហ៊ាន​ដាក់​ឈ្មោះ​ក្លែងក្លាយ​ទេ ខ្លាច​អា​ល្បង Facebook ដឹង បិទ​ខ្ញុំ​ចោល​ទៀត។ ការ​បង្កើត​បាន​ជោគជ័យ​មិន​មាន​អ្វី​អាក់​អន់​ទេ។ ដោយ​ការ​ប្រុង​ប្រយ័ត្ន ខ្ញុំ​មិន​ហ៊ាន add friend ផ្ដេសផ្ដាស​ទេ ព្រោះ ៖
  • បើ add friend ខ្លាច​ពេល Facebook សួរ​បញ្ជាក់​ទៅ ខ្ញុំ​អត់​ដឹង។
  • បើ add friend ច្រើន​ខ្លាច​ជួប​បញ្ហា​ដូច​លើក​មុន​ទៀត។
   ក៏​សុខចិត្ត​មិន add friend ទេ​ទុក​ឲ្យ​គេ add ខ្ញុំ​វិញ​ចុះ (បើ​មាន​គេ​ចង់ add ខ្ញុំ)។ ប៉ុន្តែ​មិន​ដឹង​ជា Facebook ឡប់ៗ វា​ទៅ​ស៊ី​ស្អី​ពុល​មក​ពី​ណា​ទេ ស្រាប់​តែ​ខ្ញុំ​ប្រើ​បាន​ប្រហែល​មួយ​អាទិត្យ​ជាង វា​ក៏​ចេញ​រោគ​សញ្ញា​របស់​វា​មក​ទាំង​ផ្ទាំង​​ថា ខ្ញុំ​មិន​មែន​ជា​ម្ចាស់​គណនី​ដែល​ខ្ញុំ​កំពុង​ Log នេះ​ទេ ដោយ​ឲ្យ​ខ្ញុំ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ ​ដែល​ខ្ញុំ​បាន​ភ្ជាប់​រួច​ហើយ​កាល​បង្កើត​ដំបូង។ ខ្ញុំ​ក៏​ធ្វើ​តាម​វា តែ​វា​មិន​ផ្ញើ​សារ​មក​លេខ​ទូរស័ព្ទ​ខ្ញុំ​ទេ វា​បែរជា​ឲ្យ​ខ្ញុំ​បញ្ជាក់​ភាព​ជា​ម្ចាស់​គណនី​ដោយ​ដាក់​រូប​ជា​ច្រើន​ឲ្យ​ ខ្ញុំ​រើស​ថា​ជា​រូប​របស់​អ្នក​ណា​ខ្លះ (អ្នក​ដែល​ជា​មិត្ត)។ ម៉ែ​អា​ថ្លែន​អ្ហើយ!! អ្នក​ណា​ទៅ​ដឹង​ថា មិត្ត​របស់​យើង​ទាំងនោះ​មាន​រូប​ស្អី​ខ្លះ ហើយ​ណា​មួយ​អ្នក​ដែល add ខ្ញុំ​សុទ្ធ​តែ​ខ្ញុំ​មិន​ស្គាល់​ផង​ហ្នឹង!!។ ខ្ញុំ​គិត​ថា​លោកអ្នក​ដែល​កំពុង​តែ​អាន​កំណត់ហេតុ​មួយ​នេះ ក៏​មិន​អាច​ឆ្លើយ​បាន​ថា​រូប​មួយ​នេះ រូប​មួយ​នោះ​ជា​រូប​របស់ ម្នាក់​នេះ ម្នាក់​នោះ​បាន​ទេ ព្រោះ​ភាគ​ច្រើន​សុទ្ធតែ​អ្នក​មិន​ស្គាល់​គ្នា។

អ្វី​ដែល​ខ្ញុំ​ឆ្ងល់​នោះ​គឺ ៖

  • ខ្ញុំ​បាន​ភ្ជាប់​លេខ​ទូរស័ព្ទ​ជាមួយ​គណនី Facebook ដើម្បី​ធ្វើ​ការ Log In ក្នុង​សកម្មភាព​កុំ​ឲ្យ​គេ​លួច​លេខ​សម្ងាត់​បាន, ហើយ Facebook បាន​ផ្ញើ​លេខ​សំងាត់​មក​មែន តែ​លើក​ក្រោយ​ទៀត​អត់​ឃើញ​ផ្ញើ​មក​ទេ ដូចនេះ​ខ្ញុំ​មិន​អាច​ប្រើ facebook បាន​ទេ ដោយ​សារ​មិន​ឃើញ​ផ្ញើ​មក​ខ្ញុំ​សោះ ឬ​មួយ​ទៀត​អាច​ថា ម៉ាស៊ីន​មេ​វា​រវល់​ខ្លាំង​មិន​អាច​ផ្ញើ​មក​បាន​ភ្លាមៗ​ទេ បើ​អញ្ចឹង​មែន​ខ្ញុំ​អាច​សន្មត​យ៉ាង​ខ្លី​ថា "ចប់"។
  • មួយ​ទៀត​ខ្ញុំ​បាន​វាយ​លេខ​សម្ងាត់​ត្រូវ​ហើយ​តែ​បែរ​ជា​ថា​ខ្ញុំ​មិន​ មែន​ម្ចាស់​គណនី​នោះ​ទៅ​វិញ ដូច្នេះ​ខ្ញុំ​ក៏​ដូរ​លេខ​សម្ងាត់​ថ្មី​ដោយ​ប្រើ Email ដើម្បី​ដូរ ព្រោះ​ថា យើង​យក Email ទៅ​បង្កើត​គណនី Facebook ដូច្នេះ​យើង​អាច​ដូរ​លេខ​សម្ងាត់ Facebook បាន​តាម​រយៈ Email មួយ​នោះ។ តែ​ពេល​ដូរ​ហើយ​ម្ដេច​មិន​អាច​ចូល​ប្រើ​បាន​ទៀត!។
  • ចុង​ក្រោយ​ខ្ញុំ​ក៏​សាក Log ចូល​នៅ​ថ្ងៃ​ក្រោយ​ទៀត តែ​នៅ​តែ​គ្មាន​ប្រយោជន៍​សោះ ដល់​ទៅ​ខ្ញុំ​សាក់ Log នៅ​ខែ​ក្រោយ​ទៀត នៅ​តែ​ចូល​មិន​បាន បើ​ទោះជា​ខ្ញុំ​បាន​ដូរ​លេខ​សម្ងាត់​ថ្មី​ហើយ​ក៏​ដោយ​នោះ។

ឬ​ម៉្យាង​ទៀត

   ខ្ញុំ​សង្ស័យ​ថា​មាន​គេ Report គណនី facebook ខ្ញុំ​ក្នុង​គោល​បំណង​ឲ្យ​ខាង Facebook បិទ​មិន​ឲ្យ​ខ្ញុំ​ប្រើ តែ​ខ្ញុំ​មិន​ទៅ​ឈឺ​ក្បាល​ជាមួយ​រឿង​នេះ​ទេ ព្រោះ​ខ្ញុំ​មិន​សូវ​ត្រូវ​ការ Facebook ដែរ។ ហើយ​ណាមួយ​វា​ខ្ជះខ្ជាយ​ពេល​វេលា​ច្រើន​ណាស់ ទុក​ពេល​ស្រាវជ្រាវ​ចំណេះ​ដឹង​ផ្សេងៗ ឬ​ក៏​សរសេរ​ប្លក​វិញល្អ​ជាង ការ​ដែល​អង្គុយ​ចាំ​មើល​គេ post រូប​ចម្លែកៗ​នោះ។

សរុប​សេចក្ដី​មក

   ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា Facebook គួរ​តែ​ទុក​សិទ្ធិ​ឲ្យ​ម្ចាស់ Email ដែល​យក​ទៅ​បង្កើត គណនី Facebook នោះ​មាន​សិទ្ធិ​ចូល​ប្រើ​បាន​វិញ មិន​ត្រូវ​រាំង​ខ្ទប់​មិន​ឲ្យ​គេ​ប្រើ​បាន​វិញ​នោះ​ទេ ព្រោះ​គេ​ដឹង​លេខ​សម្ងាត់​គណនី Facebook និង គណនី Email ហើយ​រឿង​អី​ដែល​ថា​មិន​ឲ្យ​គេ​ចូល​ប្រើ​នោះ តើ​ត្រូវ​ដឹង ឬ​ក៏​បញ្ជាក់​លេខ​សម្ងាត់​ពី​ណា​មក​ទៀត! ដើម្បី​អះអាង​ថា​ជា​ម្ចាស់​ពិត​ប្រាកដ។ នេះ​បើ​សិន​ជា Facebook មាន​ទី​ស្នាក់​ការ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ប្រាកដ​ជា​ទៅ​សួរ​ឲ្យ​ដឹង​ស​ខ្មៅ​ម្ដង។ ហើយ​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​តិចៗ​នោះ​គឺ ខ្ញុំ​មិន​អាច​ចូល​ប្រើ Facebook បាន​ទេ។

ចុះ​ម្ដេច​មិន​ទៅ​បង្កើត​មួយ​ទៀត​ទៅ?

   ខ្ញុំ​គិត​ថា បើ​បង្កើត​មួយ​ទៀត​ក៏​គត់​តែ​ប្រើ​មិន​កើត​ក៏​ដែល​ហ្នឹង ណ្ហើយ!!! មិន​បាច់​ខ្វល់​ទេ។ ខ្ញុំ​នៅ​ចាំ​បាន​ថា កាល Facebook នៅ​មិន​ទាន់​មាន​អ្នក​ប្រើ​ច្រើន​ដូច​សព្វថ្ងៃ​នេះ គេ​បាន​ខំ​ផ្សព្វផ្សាយ​ឲ្យ​យើង​អ្នក​ប្រើ​អ៊ីនធឺណិត​ធម្មតាៗ​នេះ​ចូល​ទៅ​ ប្រើ តែ​ដល់​ទៅ​មាន​អ្នក​ប្រើ​ច្រើន​ហើយ គេ​បែរ​ជា​ control អ្នក​ដែល​ប្រើប្រាស់​ផ្សេងៗ "ដក​ដូច​ស្ពៃ" ដក​ឈប់​ឲ្យ​ប្រើ​ដូច "ញេច​ស្រមោច"៕

អត្តបទនេះដកស្រង់ចេញពី ៖​ ប្លកអាក្បាលធំ

No comments:

Post a Comment