ការតឹងណែនសុដន់ជាអាការមួយរបស់ស្ដ្រី ដែលបង្កឱ្យមានការឈឺចាប់សុដន់ទាំងសងខាង។ ជួនកាលធ្វើឱ្យស្ដ្រីនោះមាន អារម្មណ៍ស្រៀវស្រាញរហូតស្ទើរតែរកកល់នឹងគ្រុនក៏មាន។ តើអាការតឹងណែនសុដន់នេះកើតឡើងដោយសារអ្វី? មានវិធីទប់ស្កាត់ ឬព្យាបាលឬទេ?
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត សុខា សុធានីជំនាញខាងផ្នែកជម្ងឺទូទៅដើម្បី ធ្វើការបកស្រាយលើបញ្ហាតឹងណែនសុដន់នេះ ជូនសុភាពស្ដ្រីទាំងឡាយធ្វើការស្វែងយល់។
មូលហេតុតឹងណែនសុដន់
ជាទូទៅ ស្ដ្រីមានការតឹងណែនសុដន់បណ្ដាលមកពីករណីពីរយ៉ាង គឺនៅពេលជិតមករដូវ និងពេលមានផ្ទៃពោះ។
១. តឹងណែនសុដន់ នៅពេលជិតមករដូវ
ក្នុងកំឡុងពេលជិតមករដូវ ជាពិសេសនៅសប្ដាហ៍ជិតមករដូវនេះ សុដន់របស់ស្ដ្រីចាប់ផ្ដើមតឹងណែន ឡើងតឹងឈឺ ឬសង្កៀរ។ ស្ដ្រីអាចចាប់ផ្ដើមមានអារម្មណ៍ស្រៀវស្រាញ ក្ដៅរងា អារម្មណ៍ឆេវឆាវ និងកាចជាងសព្វមួយដង។ ករណីនេះបណ្ដាលមកពីមាន ការប្រែប្រួលនៃអរ័ម៉ូន។ សុដន់នឹងមានសភាពធម្មតាវិញ នៅពេលដល់ថ្ងៃមករដូវ។
២. តឹងណែនសុដន់ពេលមានផ្ទៃពោះ
សម្រាប់ស្ដ្រីដែលមានស្វាមី នៅពេលជិតដល់ថ្ងៃមករដូវទៀតឬខែទី១នៃគភ៌ ច្រើនតែចាប់ផ្ដើមឈឺសុដន់ដែលលក្ខណៈនេះ អាចធ្វើឱ្យស្ដ្រីយល់ច្រឡំថាជិតមករដូវ ការពិតជាសញ្ញាដំបូងនៃការមានផ្ទៃពោះទៅវិញទេ។ នៅពេលចាប់ផ្ដើមមានផ្ទៃពោះ សុ ដន់ចាប់តឹងណែនឡើងៗជាលំដាប់លំដោយវិវឌ្ឍន៍តាមអាយុកាលនៃគភ៌។ រហូតដល់ខែទី៦សុដន់មានចេញទឹកដោះតិចៗដើម្បីបម្រុង ដល់ការចិញ្ចឹមទារក។ ការតឹងណែនសុដន់នេះជារឿងធម្មតាទេ។
ម្យ៉ាងទៀតក្រោយពេលសម្រាលបុត្រ ស្ដ្រីតែងតែតឹងសុដន់ និងឈឺខ្លាំងព្រោះក្រពេញទឹកដោះបម្រុងនឹងចេញទឹកដោះ។ នៅក្រោយពេលសម្រាលបុត្របានចំនួន២៤ម៉ោង ស្ដ្រីគួរឱ្យកូនបៅទោះបីជាមិនទាន់ចេញទឹកដោះក៏ដោយដើម្បីជួយបឺត ជព្ជាក់ឱ្យរន្ធ ទឹកដោះឆាប់បើក និងជួយបន្ធូរនូវការឈឺចាប់ខ្លះ។ នៅដំណាក់កាលដំបូងនេះសុដន់ឈឺចាប់រហូតដល់អ្នកម្ដាយខ្លះស៊ូទ្រាំ ស្ទើរពុំបាន។ ប៉ុន្ដែស្ដ្រីត្រូវចេះអត់ធ្មត់ព្រោះទឹកដោះដំបូងមានសារៈសំខាន់ណាស់ ចំពោះសុខភាពកូន។ គ្រូពេទ្យអាចជួយឱ្យថ្នាំបំបាត់ការឈឺចាប់បាន ខ្លះក្នុងករណីនេះ។
វិធីថែរក្សាសុដន់
ក្រោយសម្រាលបុត្ររួច ស្ដ្រីគួរសម្អាតសុដន់ រយៈពេលពីរទៅបីថ្ងៃម្ដង។ លោកស្រីអ្នកនាងគួរជ្រលក់សំឡីជាមួយទឹក ក្ដៅឧណ្ណៗជូតនៅបរិវេណចុងសុដន់ដើម្បីកុំឱ្យមានដីស្ទះរន្ធទឹកដោះ។ ប្រសិនបើមិនបានធ្វើអនាម័យទេនោះទារកដែលបៅដោះនោះ អាចមានបញ្ហាកើតច្រាំងមាត់ និងពិបាកក្នុងការជញ្ជក់យកទឹកដោះ។ បញ្ហាតឹងណែនសុដន់ដូចដែលបានរៀបរាប់ខាងលើ សូមសុភាព នារីទាំងឡាយកុំព្រួយបារម្ភ ព្រោះកើតមាននៅគ្រប់ស្ដ្រីទាំងអស់។ សំខាន់បំផុតសុភាពនារីគួរគិតគូរពីការសម្អាតខ្លួនប្រាណទៅវិញទេ ដូចជានៅរាល់ពេលងូតទឹក គួរលាងសម្អាតនៅបរិវេណសុដន់ជាពិសេសនៅចុងសុដន់។ ស្ដ្រីមានសុដន់មិនដូចគ្នាទេ ស្ដ្រីខ្លះមានសុ ដន់តូច ខ្លះទៀតមានសុដន់ធំ។ ដូចនេះនៅពេលងូតទឹកគួរធ្វើចលនាស្រាលៗទៅលើសុដន់ និងរៀងរាល់ព្រឹកលោកស្រីអ្នកនាងគួរ ហាត់ប្រាណ ដោយប្រើចលនាទៅលើដើមដៃ ស្មាដើម្បីជំនួយឱ្យសុដន់មូលក្បំល្អ និងមិនធ្លាក់យារ។
ការពាក់អាវទ្រនាប់ក៏ដូចគ្នាដែរ គួរជ្រើសរើសអាវទ្រនាប់ណាដែលមានទំហំល្មមនឹងសុដន់កុំធំពេក និងកុំរឹបតឹងពេកព្រោះ ថានារីខ្លះមានអារម្មណ៍ខ្មាសអៀន នៅពេលខ្លួនមានសុដន់ធំ។
ដំបូន្មានអ្នកប្រឹក្សា
នៅពេលងូតទឹក ស្ដ្រីទាំងឡាយគួរឧស្សាហ៍ស្ទាបសុដន់។ ប្រសិនបើស្ទាបទៅឃើញមានដុំអ្វីមួយរឹងណែនខុសប្រក្រតី ហើយឈឺចាប់ លោកស្រីអ្នកនាងគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសុដន់ សាស្ដ្រដើម្បីពិនិត្យមើលឬធ្វើការថតឆ្លុះ។ ចំណុចមួយទៀតសូមលោកស្រីអ្នកនាងកុំយល់ច្រឡំថា កូនបៅដោះធ្វើឱ្យខូចសុដន់។ ព្រោះថាទោះបីលោកស្រីអ្នកនាងមិនឱ្យកូនបៅ ក៏សុដន់ខូចដែរ ព្រោះថាឆ្លងកាត់ការមានផ្ទៃពោះនិងការសម្រាលកូនសុដន់មានការប្រែប្រួល ឡើងនៅពេលសម្រាល ហើយសុដន់ ទន់ជ្រាយជាងមុន។ ផ្ទុយទៅវិញប្រសិនបើលោកស្រីអ្នកនាងបំបៅកូនដោយទឹកដោះលោកស្រីអ្នកនាង នឹងបានផលចំណេញច្រើនចំ ពោះសុខភាពខ្លួនឯង និងបុត្រធីតាទៅវិញទេ។
ប្រភពពី៖ គេហទំព័រសុខភាពកម្ពុជា
No comments:
Post a Comment