រាជធានីភ្នំពេញ ៖ «ស្រឡាញ់ណាស់
មិនបានដូចបំណង»
ចំណងជើងមួយឃ្លាខាងលើនេះត្រឹមត្រូវទាំងសងខាង ។
ខាងបុរសជាប្តីស្រឡាញ់ភរិយាណាស់
បុ៉ន្តែការស្រឡាញ់នោះមិនបានរស់នៅជាមួយគ្នាដល់ចាស់ជរាទេ
ស្ថិតក្នុងយុវវ័យកំពុងពុះកញ្ជ្រោល
ទីបំផុតភរិយាជាទីស្រឡាញ់បែរជាបែកចិត្តទៅមានសហាយ។
ចំណែកភរិយាដ៏ស្រស់ប្រឹមប្រិយវិញបោះបង់ចោល
ប្តីទៅនែបនិត្យជាមួយប្រុសថ្មី ដែលអាចមានន័យថា
ស្រឡាញ់ប្រុសថ្មីខ្លាំងណាស់
សុខចិត្តជិះម៉ូតូជាមួយគ្នាឱបចង្កេះពីក្រោយយ៉ាងប្រកៀក
បុ៉ន្តែសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនេះ ទីបំផុតមិនបានដូចបំណងឡើយ
។ នៅទីបំផុត សេចក្តីស្នេហាលើសលប់នេះ
ទាំង២នាក់មិនមានសំណាងល្អដូចគ្នា
ព្រមទាំងលាចាកលោកយើងទៅទាំងសោកសៅជាទីបំផុត ដែលស្មានមិនដល់ ។
ដោយសារសេចក្តីស្រឡាញ់បំផុតនេះហើយ
ទើបស្វាមីដាច់ចិត្តប្រហារភរិយាមិនឱ្យអ្នកណាថ្លើមធំយកនាងជា
ភរិយាទេ ហើយខ្លួនឯងដាច់ចិត្តធ្វើអត្តឃាតតាមក្រោយ
ដើម្បីបញ្ចប់ការឈឺចាប់ក្នុងជីវិតដែលមនុស្សលោកយើងកម្រនឹងបាន
ជួបប្រទះ ។ នេះហើយដែលគេឱ្យនិយមន័យយ៉ាងស្រាលថា «ស្រឡាញ់ណាស់
មិនបានដូចបំណង ។
មានរឿងរ៉ាវស្នេហាត្រីកោណមួយ
ដែលស្ត្រីជាប្រពន្ធជាប់ចោទលួចមានសហាយស្មន់
ហើយប្តីនិងបងប្អូនតាមទាន់ពេលកំពុងតែជិះម៉ូតូនែបនិត្យគ្នា
នៅតាមផ្លូវដោយមិនអាល័យស្នេហ៍ចាស់
ឈានទៅមានទំនាស់ក្នុងគ្រួសារ ។
ទីបំផុតប្តីបានច្របាច់កសម្លាប់ប្រពន្ធនៅក្នុងផ្ទះ
រួចហើយចង.កសម្លាប់ខ្លួនឯងតាមក្រោយ
បន្សល់ទុកកូនតូចៗចំនួន៣នាក់ ឱ្យនៅកំព្រាឥតមេបា ។ ហេតុការណ៍នេះ
បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទី
រសៀល ថ្ងៃទី២៥ មករា នៅផ្ទះលេខ៦៣ ផ្លូវលេខ២៦៥ ក្រុមទី១៣
ភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
នៅពេលដែលអ្នកជិតខាងមានការសង្ស័យ
ព្រោះឃើញម៉ូតូទុកចោលនៅមុខផ្ទះក៏បានអើតមើល ទើបប្រទះឃើញសព
។ បុរសជាប្តីដែលចង.កសម្លាប់ខ្លួននោះ
ត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះ មៀវ សំណាង អាយុ៣១ឆ្នាំ
ជាអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរណ៍ ។
ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ហង្ស សុគន្ធារី អាយុ៣០ឆ្នាំ
ជាបុគ្គលិកកាស៊ីណូណាហ្គាវើល ។
តាមមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ
អ្នករស់នៅក្បែរនោះបានឃើញម៉ូតូម៉ាកវីវ៉ាមួយគ្រឿងទុកចោល
នៅមុខផ្ទះ១ថ្ងៃ១យប់មកហើយ ។ ដោយមានការសង្ស័យ
ទើបអ្នកជិតខាងបានទៅអើតមើល
ក៏ប្រទះឃើញបុរសជាប្តីចង.កសម្លាប់ខ្លួននៅច្រកចូលបន្ទប់ទឹក
ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលចុះទៅពិនិត្យ
ស្រាប់តែឃើញស្ត្រីជាប្រពន្ធដេកស្លាប់នៅក្នុងបន្ទប់ដេកហើមស្អុយ
ទៅហើយ ។
ព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងទៀតថា
នៅវេលារសៀលថ្ងៃទី២២ មករា
ពីរនាក់ប្តីប្រពន្ធនេះមានទំនាស់គ្នាយ៉ាងខ្លាំង
ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
និងអាជ្ញាធរមូលដ្ឋានចុះទៅសម្របសម្រួល
ហើយស្ត្រីជាប្រពន្ធទាមទារប្តឹងលែងលះគ្នា
តែត្រូវបានសមត្ថកិច្ចណែនាំឱ្យទៅប្តឹងតុលាការ ។
ការទាស់ទែងគ្នានេះ ត្រូវគេដឹងថា
ផ្តើមចេញពីស្ត្រីជាប្រពន្ធលួចមានសហាយស្មន់ជាមួយប្រុសផ្សេង
និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ
ហើយត្រូវបានប្តីនិងបងប្អូនតាមទាន់ជាក់ស្តែង
កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ មករា
នៅពេលកំពុងជិះម៉ូតូជាមួយប្រុសស្នេហ៍
រួចហៅនគរបាលឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់
បង្កឱ្យមានការភ្ញាក់ផ្អើលមួយឈុត
ដែលកោះសន្តិភាពបានចុះផ្សាយមួយលេខរួចហើយពីហេតុការណ៍នោះ ។
ដោយសារតែប្រពន្ធមានសហាយ ជាក់ស្តែងបែបនេះ
ធ្វើឱ្យប្តីផ្ទុះកំហឹងសម្លាប់ប្រពន្ធ
រួចចងកសម្លាប់ខ្លួនឯងតែម្តង ។
តាមព័ត៌មានពីក្រុមគ្រួសារខាងស្រ្តីជាប្រពន្ធបានឱ្យដឹងថា
ទាំង២នាក់ប្តីប្រពន្ធនេះបានរៀបការជាមួយគ្នា១០ឆ្នាំមកហើយ
និងមានកូនចំនួន៣នាក់ (ប្រុស២ ស្រី១)
ដែលកូនប្រុសច្បងអាយុ៨ឆ្នាំ និងកូនស្រីពៅអាយុ៣ឆ្នាំ ។
ការរស់នៅជាមួយគ្នា បុរសជាប្តីស្រឡាញ់ប្រពន្ធណាស់
ហើយគិតតែពីរកស៊ី ។
រយៈពេលប្រមាណ២ខែមកហើយដែលប្រពន្ធបានទៅធ្វើការនៅកាស៊ីណូណា
ហ្គាវើល ដោយប្តីទិញរថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ស៊េរី២០០២
ពាក់ស្លាកលេខភ្នំពេញ 2W-6871 មួយគ្រឿងឱ្យប្រពន្ធជិះទៅធ្វើការ
។ លុះក្រោយមកស្រាប់តែប្រពន្ធលែងសូវចូលផ្ទះ
និងមានភាពរកាំរកូសក្នុងគ្រួសារជាញឹកញាប់
ហើយរហូតដល់បងប្អូនឃើញឈ្មោះ ហង្ស សុគន្ធារី
ជិះម៉ូតូជាមួយប្រុសផ្សេង ។ ការទាស់ទែងគ្នាក្នុងគ្រួសារមុននេះ
កូនទាំង៣នាក់តូចៗ
ត្រូវបានជីដូននាំទៅដេកនៅផ្ទះជាមួយនៅម្តុំផ្សារដេប៉ូ
មិនបាននៅជាមួយឪពុកម្តាយទេ
ទុកឱ្យប្តីប្រពន្ធនេះរស់នៅតែ២នាក់ ។
តាមក្រុមគ្រួសារឱ្យដឹងទៀតថា នៅថ្ងៃទី២៣
មករា វេលាម៉ោងប្រមាណ៩និង៣០នាទីយប់ ឈ្មោះ មៀវ សំណាង
បានបបួលបងប្អូនប្រុសស្រីខាងប្រពន្ធមកផឹកស៊ី
និងច្រៀងខារ៉ាអូខេ
ហើយបុរសជាប្តីរូបនោះបាននិយាយប្រាប់បងប្អូនថា
ខ្លួននិងប្រពន្ធមិនអាចរស់នៅជាមួយគ្នាបានទេ
ខ្លួនពិបាកចិត្តណាស់ មានតែសម្រេចចិត្តសម្លាប់ខ្លួនតែប៉ុណ្ណោះ ។
បុរសជាប្តីនិយាយទៀតថា តែមុននឹងស្លាប់
ខ្លួននឹងសម្លាប់ប្រពន្ធមុន ហើយសម្លាប់ខ្លួនឯងជាក្រោយ
ព្រមទាំងផ្តាំបងប្អូនឱ្យជួយមើលកូនទាំង៣នាក់ផង ។
ខណៈនោះបងប្អូនបានណែនាំកុំឱ្យគិតខ្លីបែបនេះ ហើយក៏ចាត់ទុកថា
នេះជាសម្តីដោយផ្តើមឡើងដោយការព្រួយចិត្តបុ៉ណ្ណោះ ។
តាមព័ត៌មានបន្តទៀតថា
នៅយប់នោះបងថ្លៃបាននាំបុរសជាប្តីទៅម៉ាស្សាបន្តទៀត
តែពេលនោះបុរសជាប្តីមិនបានម៉ាស្សាទេដោយប្រាប់ថា
មិនហ៊ានដោះអាវទេ
ព្រោះមានស្លាកស្នាមច្រើនដែលមានទំនាស់គ្នាជាមួយប្រពន្ធ ។
លុះរំលងបានតែ២ថ្ងៃក៏មានការភ្ញាក់ផ្អើលប្រទះឃើញសពតែម្តង
។ បន្ទាប់ពីមានការភ្ញាក់ផ្អើល
នគរបាលរកឃើញលិខិតបណ្តាំដែលគេអះអាងថា
ប្តីជាអ្នកសរសេរផ្តាំផ្ញើឱ្យបងប្អូនថ្លៃ
និងម្តាយក្មេកជួយមើលថែទាំកូនទាំង៣នាក់
ព្រមទាំងចាត់ចែងទ្រព្យឱ្យកូនៗ ។
នៅក្នុងលិខិតបណ្តាំបានឱ្យដឹងថា «សូមបងៗ
ប្អូនៗដ៏ល្អរបស់ខ្ញុំជួយមើលថែរក្សាកូនទាំង៣នាក់របស់ពួកខ្ញុំ
ផង ហើយទ្រព្យសម្បត្តិរបស់ពួកខ្ញុំ សូមម៉ាក់ ហើយ បងមុំ បងថុង
ប្អូនស្រីធីតា រិទ្ធី ប្អូនស្រីសុជាតិ ប្អូនប្រុសរ៉ូ ប្អូនពៅ
និងអាអូន (សុវណ្ណវង្ស) ជួយចាត់ចែង
និងថែរក្សាទុកដាក់សម្រាប់អនាគតកូនរបស់ខ្ញុំផង
ខ្ញុំអាណិតគេទាំង៣នាក់នេះណាស់»។
នៅក្នុងលិខិតបណ្តាំ ក៏បានឱ្យដឹងទៀតថា
«ខ្ញុំពិតជាស្រឡាញ់ប្រពន្ធខ្ញុំណាស់
ខ្ញុំអត់ចង់បាត់បង់នាងទេ...ម៉ែ! កូនលាហើយ» ។
មានលិខិតមួយច្បាប់ទៀតបានសរសេរថា
«ខ្ញុំមានរបស់ខ្លះនៅក្នុងរថយន្ត ក្នុងកាបូប ឡេបថប
ហើយត្រូវបានសមត្ថកិច្ច
រួមទាំងក្រុមគ្រួសារត្រួតពិនិត្យឃើញមានខ្សែដៃ
និងគ្រឿងអលង្ការមួយចំនួនទៀត ។ ទោះបីជាយ៉ាងណា
ក្រុមគ្រួសារឱ្យដឹងថា
នៅនឹងខ្លួនស្ត្រីជាប្រពន្ធមានគ្រឿងអលង្ការពេជ្រមានតម្លៃរាប់
ម៉ឺនដុល្លារបានបាត់ ដែលគេមានការសង្ស័យថា នាងលក់ស៊ីចាយអស់ ។
នៅពេលដែលសមត្ថកិច្ចចុះពិនិត្យរកឃើញមានទូដែកមួយដែលត្រូវបានគេ
គាស់ ហើយសមត្ថកិច្ចមានការសង្ស័យថា
ទូដែកនេះត្រូវបានបុរសជាប្តីគាស់បន្ទាប់ពីបាត់អស់គ្រឿង
អលង្ការពីខ្លួនប្រពន្ធ
ព្រោះកូនសោនិងលេខសម្ងាត់ទូដែកនៅលើប្រពន្ធ ។
តាមការពិនិត្យសពស្ត្រីជាប្រពន្ធ
គឺត្រូវបានគេច្របាច់កសម្លាប់លើពូក និងហើមស្អុយ
ហើយមានពណ៌ខ្មៅទៅហើយ គឺ ស្លាប់រយៈពេលប្រមាណ៣ថ្ងៃមកហើយ ។
ចំណែកសពបុរសជាប្តីមិនទាន់ធុំក្លិនទេ
ដែលតាមការសន្និដ្ឋានរបស់សមត្ថកិច្ច
ការស្លាប់របស់ស្ត្រីជាប្រពន្ធ
គឺត្រូវបានបុរសជាប្តីច្របាច់ក
រួចហើយទើបទៅចង.កសម្លាប់ខ្លួនឯងជាក្រោយ ។
សពពីរនាក់ប្តីប្រពន្ធនេះ
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅតម្កល់នៅវត្តសំបួរមាស
ក្នុងខណ្ឌដង្កោ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment