រាជធានីភ្នំពេញ ៖
ជំងឺភ្នែកក្រហមកំពុងឆ្លងរាលដាលគួរឱ្យកត់សម្គាល់នាពេល
បច្ចុប្បន្ន និងធ្វើឱ្យមានការចោទសួរគ្នាថា
តើបណ្ដាលមកពីមូលហេតុអ្វីបានជាមានការផ្ទុះជំងឺភ្នែកក្រហមគួរ
ឱ្យភ្ញាក់ផ្អើលបែបនេះ ។ ជាក់ស្ដែង កន្លែងណា
ឬលំនៅឋានណាដែលកើតជំងឺភ្នែកក្រហម
តែងតែមានការឆ្លងរាលដាលពីម្នាក់ទៅម្នាក់
ហើយករណីខ្លះបង្កឱ្យហើម ឬឈឺចុកចាប់ថែមទៀតផង ។
ជួបជាមួយលោកវេជ្ជបណ្ឌិត ងី ម៉េង
ប្រធានកម្មវិធីជាតិសុខភាពភ្នែកបានប្រាប់កោះសន្ដិភាពឱ្យដឹងថា
ជំងឺភ្នែកក្រហមជាជំងឺដែលរលាកភ្នាស.សរបស់ភ្នែកបង្កឡើងដោយពពួក
វីរុសឈ្មោះ ADENOVIRUS
អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័សដែលភាសា
អង់គ្លេសមានឈ្មោះថា Epidemic Keratoconjunctivitis ។
១-រោគសញ្ញានៃជំងឺភ្នែកក្រហម៖ ភ្នែកឡើងក្រហម រមាស់ រកាំ ត្របកភ្នែកហើម ហៀរទឹកភ្នែក និងចាញ់ពន្លឺខ្លាំង ។
២-ការចម្លងរោគនៃជំងឺភ្នែកក្រហម៖
តាមរយៈដៃដែលមិនស្អាត ឬមានមេរោគ ។
ការប្រើប្រាស់វត្ថុរួមគ្នា ដូចជាកន្សែងជូតមុខ វ៉ែនតា
គ្រឿងសម្អាងភ្នែក ថ្នាំបន្ដក់ភ្នែក ស្រោមពូក ខ្នើយ
និងរបស់ផ្សេងៗជាមួយអ្នកដែលមានជំងឺភ្នែកក្រហម ។
ការចម្លងដោយវត្ថុដែលអ្នកជំងឺបានប៉ះពាល់ទៅអ្នកដទៃដូចជា
បង្កាន់ដៃទ្វារ តុ ទូ កៅអី សៀវភៅ និងរបស់ផ្សេងៗ ។
៣-វិធានការការពារជំងឺភ្នែកក្រហម៖
ចំពោះ អ្នកមានជំងឺភ្នែកក្រហម ក្រោយពីជូតសម្អាតភ្នែក
ឬដាក់ថ្នាំបន្ដក់ភ្នែកហើយត្រូវលាងដៃឱ្យស្អាតជាមួយសាប៊ូរៀងរាល់
១ទៅ២ម៉ោងម្ដង ទាំងអ្នកជំងឺ
និងអ្នករស់នៅជាមួយអ្នកជំងឺមុនចាប់កាន់របស់ផ្សេងៗដែលអាចឆ្លង
ទៅអ្នកដទៃ។ ពេលហៀរទឹកភ្នែកត្រូវជូតសម្អាតដោយប្រើសំឡី
ឬក្រដាសសម្អាត រួចបោះចោលក្នុងធុងសំរាម ។
ចៀសវាងប្រើសម្ភាររួមគ្នាដូចជាកន្សែង ថ្នាំបន្ដក់ភ្នែក
ស្រោមពូក ខ្នើយ ជាដើម។ លាងសម្អាតដៃរបស់អ្នកឱ្យបានស្អាត
ក្រោយពីបន្ដក់ថ្នាំដាក់ភ្នែកឱ្យអ្នកជំងឺ ឬភ្នែករបស់អ្នក ។
៤-ការព្យាបាលជំងឺភ្នែកក្រហម៖
ជាធម្មតា ភ្នែកក្រហមនេះនឹងជាសះស្បើយមកជាធម្មតាវិញ
ក្រោយការព្យាបាលរយៈពេលពី៧ទៅ១២ថ្ងៃ ។
ប៉ុន្ដែអ្នកជំងឺចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយគ្រូពេទ្យឯកទេស
ចៀសវាងប្រើប្រាស់ថ្នាំដោយខ្លួនឯង
ឬពុំមានវេជ្ជបញ្ជាត្រឹមត្រូវ ។
សូមបញ្ជាក់ថា រយៈពេល៤សប្ដាហ៍នេះ
គេសង្កេតឃើញមានប្រជាជនមកពិនិត្យភ្នែកនៅតាមមន្ទីរពេទ្យ
និងគ្លីនិកឯកជនទូទាំងប្រទេសប្រហែល៤.០៨៩នាក់ ។ ក្រៅពីនេះ
មានអ្នកជំងឺភ្នែកក្រហមមួយចំនួនទៀតនៅតាមភូមិ-ឃុំជាច្រើន
មិនទាន់បានមកពិនិត្យភ្នែកនៅឡើយទេ ៕
ប្រពភពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment