ខេត្ដប៉ៃលិន ៖ ស្រ្ដីវ័យក្មេងម្នាក់
ត្រូវប្ដីហេងស៊យបោះបង់ចោលបន្ទាប់ពីឆ្អែតឆ្អន់
និងបានទៅរស់នៅជាមួយប្រពន្ធដើមវិញ
ខណៈដែលនាងសម្រាលកូនទី២បានរយៈពេល១ខែ
ដោយទុកឱ្យនាងនិងកូនទាំង២នាក់រស់នៅយ៉ាងលំបាកវេទនា
កណ្ដោចកណ្ដែង ស៊ីអត់ស៊ីឃ្លាន រកព្រឹកខ្វះល្ងាច
រកល្ងាចខ្វះព្រឹក ។
សព្វថ្ងៃនេះបានអ្នកភូមិចិត្ដបុណ្យឱ្យផ្ទះនាងស្នាក់នៅ
បណ្ដោះអាសន្ន ប៉ុន្ដែល្គឹកណាម្ចាស់គេត្រូវការវិញ
នឹងឱ្យនាងនិងកូនទាំង២នាក់ចេញទៅរស់នៅកន្លែងផ្សេង ។
ស្រ្ដីដែលត្រូវប្ដីបោះបង់ចោលនេះឈ្មោះ ហ៊ុល
យ៉ា អាយុ ២៩ឆ្នាំ ជាអ្នកដើរបោកខោអាវតាមផ្ទះ
មានកូនប្រុស២នាក់ម្នាក់ឈ្មោះ រឿ រ៉ាន់ អាយុ ៣ឆ្នាំ
និងម្នាក់ទៀតឈ្មោះ រឿ រ៉ុង អាយុ ៧ខែ ។
នាងមានស្រុកកំណើតនៅស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចំណែកប្ដីហេងស៊យឈ្មោះ រ៉េត រឿ អាយុ ៥៣ឆ្នាំ
មានស្រុកកំណើតនៅខេត្ដកំពង់ចាម
ទាំង២នាក់មករស់នៅខេត្ដប៉ៃលិនអស់រយៈពេល៦ឆ្នាំហើយ
ដោយយកគ្នាជាប្ដីប្រពន្ធមិនបានរៀបការ និងរស់នៅភូមិប៉ាហ៊ីជើង
សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សូមបញ្ជាក់ថា
ស្រ្ដីរងគ្រោះនេះជាប្រពន្ធទី៤ ដែលប្រពន្ធទី១-ឈ្មោះ រម្យ
អាយុជាង ៤០ឆ្នាំ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់)
រស់នៅខេត្ដកំពង់ចាម ប្រពន្ធទី២និងទី៣
រស់នៅខេត្ដកំពង់ចាមដែរ បានស្លាប់ដោយសារជំងឺ ។
ស្រ្ដីដែលត្រូវប្ដីហេងស៊យបោះបង់ចោលទៅរួមរស់ជាមួយប្រពន្ធទី១
វិញនេះបានរៀបរាប់ថា នាងមានស្រុកកំណើតនៅខេត្ដបាត់ដំបង
ឪពុកឈ្មោះ តុ ហ៊ុល ស្លាប់នៅអាយុ ៥៩ឆ្នាំ និងម្ដាយឈ្មោះ ម៉ៅ
មុំ ស្លាប់នៅអាយុ ៥០ឆ្នាំ មានបងប្រុសម្នាក់ឈ្មោះ ហ៊ុល សេង
អាយុ៣១ឆ្នាំ មានប្រពន្ធរស់នៅខេត្ដកំពង់ស្ពឺ ។
ក្រោយពេលឪពុកម្ដាយស្លាប់ នាងបានរសាត់អណ្ដែតមកស៊ីឈ្នួលកាច់ពោត
និងដកដំឡូងមីឱ្យគេនៅខេត្ដប៉ៃលិនកាលពី៦ឆ្នាំមុន ។
ពេលមកស៊ីឈ្នួលធ្វើជាកម្មករបានរយៈពេល៣ទៅ៤ឆ្នាំ
ក៏ស្គាល់បុរសម្នាក់ធ្វើជាជាងសិប្បកម្មនៅកន្លែងមួយ
លុះពេលនាងស្នាក់នៅផ្ទះក្បែរផ្ទះបុរសរូបនោះក៏ស្គាល់គ្នាក្រោយ
មកក៏យកគ្នាជាប្ដីប្រពន្ធរួមរស់ជាមួយគ្នា
ដោយមិនបានរៀបការអ្វីឡើយ។
បន្ទាប់ពីយកគ្នាជាប្ដីប្រពន្ធរួចមក
បុរសជាប្ដីហេងស៊យនេះបានសារភាពប្រាប់ថា
គាត់មានប្រពន្ធមុន៣នាក់រួចហើយ
ដោយប្រពន្ធទី១បានឈ្លោះទាស់ទែងលែងលះគ្នា
ក្រោយមកយកប្រពន្ធម្នាក់ទៀត តែនាងបានស្លាប់ដោយសារជំងឺ
ហើយបន្ទាប់ពីប្រពន្ធទី២ស្លាប់
គាត់បានយកប្រពន្ធទី៣ម្នាក់ទៀតក៏ស្លាប់ដោយសារជំងឺដែរ
តែមិនមានកូនទេ ។ ប្រភពព័ត៌មានដដែលបន្ដទៀតថា
លុះពួកគេរួមរស់នៅជាមួយគ្នារហូតបានកូនប្រុសម្នាក់
ប្ដីរូបនេះក៏ឈប់ធ្វើជាជាងសិប្បកម្មព្រោះផឹកស៊ីអួទីនួខ្លាំង
ពេក ថៅកែដេញចេញអត់ឱ្យធ្វើការ ក៏ទៅស៊ីឈ្នួលកាច់ពោត
និងដកដំឡូងមីជាមួយនាងដែរ ។
ក្រោយពីសម្រាលបានកូនប្រុសម្នាក់រួច
នាងក៏មានទម្ងន់សម្រាលបានកូនប្រុសម្នាក់ទៀត
ហើយប្ដីនាងបានបបួលនាងឱ្យទៅលេងស្រុកកំណើតរបស់គាត់
លុះទៅដល់ទីនោះ អ្នកភូមិបានបង្ហាញប្រពន្ធដើមឱ្យស្គាល់គ្នា
ហើយប្រាប់នាងថា បុរសរូបនេះមិនបានលែងលះជាមួយប្រពន្ធទី១ទេ
។
នាង ហ៊ុល យ៉ា រៀបរាប់ទៀតថា
ក្រោយពីស្ដាប់សម្ដីអ្នកភូមិរួចមក នាងរកនិយាយអ្វីលែងចេញ
ព្រោះអ្វីៗបានជ្រុលហួសអស់ទៅហើយ ។ ទោះជាយ៉ាងណា
នាងបានព្យាយាមទៅជួបជាមួយប្រពន្ធទី១របស់គាត់
ហើយគេក៏អត់មានរករឿងឈ្លោះទាស់ទែងអ្វីជាមួយនឹងនាងទេ ។
ពេលដែលនាងនៅលេងផ្ទះម្ដាយខាងប្ដីនោះអស់រយៈពេលពី២ទៅ៣ថ្ងៃ
ស្រាប់តែប្ដីរបស់នាងបានជេរ
និងបណ្ដេញនាងឱ្យត្រឡប់ទៅប៉ៃលិនវិញ ។ ពេលនោះនាងប្រាប់ថា
អត់មានលុយកាក់អ្វីដើម្បីធ្វើដំណើរទេ ហើយប្ដីរបស់នាងឆ្លើយថា
លក់កូនទាំង២នាក់នេះឱ្យគេទៅ ហើយយកលុយទៅវិញចុះ ។
គ្រាន់តែឮប្ដីតិរច្ឆាននិយាយដូច្នេះ
ធ្វើឱ្យនាងតូចចិត្ដយ៉ាងខ្លាំង និងបានប្រាប់ទៅវិញថា
ទោះបីជានាងធ្លាក់ខ្លួនតោកយ៉ាក
រហូតដល់ដាច់បាយស្លាប់ក៏មិនមានឈ្មោះថាជាស្រីលក់កូនឱ្យគេដូច
សត្វធាតុដែរ ។ ម៉្យាងទៀត
ពូជពង្សវង្សត្រកូលរបស់នាងអត់មានអ្នកណាធ្លាប់រកស៊ីលក់កូនឱ្យ
គេទេ ហើយដោយសារប្ដីគម្រក់ម្នាក់នេះដុកដាន់ខ្លាំងពេក
ធ្វើឱ្យនាងទ្រាំស្នាក់នៅទីនោះលែងបាន
ក៏ទូរស័ព្ទប្រាប់ស្រ្ដីស្គាល់គ្នាម្នាក់ដែលជាម្ចាស់ផ្ទះនាង
ស្នាក់នៅរាល់ថ្ងៃ
គេបានវេរលុយឱ្យនាងធ្វើដំណើរត្រឡប់មកខេត្ដប៉ៃលិនវិញ
ដោយពេលនោះនាងទើបតែសម្រាលកូនទី២បានតែ១ខែប៉ុណ្ណោះ ។
ឥឡូវនេះ
ប្ដីហេងស៊យរបស់នាងរស់នៅជួបជុំប្រពន្ធកូនដើមវិញ
អស់រយៈពេល៥ទៅ៦ខែហើយ អត់ដែលផ្ញើលុយ
សូម្បីតែមួយសេនឱ្យកូនទាំង២នាក់ក៏អត់មានដែរ ។ ថ្មីៗនេះទៀត
ប្ដីរូបនោះបានទូរស័ព្ទមកជេរនាងម្ដង ដោយនិយាយចោទនាងថា
មានប្រុសសហាយ និងយកប្ដីថ្មីម្នាក់ទៀត ហើយប្រាប់ទៀតថា
អត់ត្រឡប់មករួមរស់ជាមួយនាងតទៅទៀតទេ
គឺគេរស់នៅជាមួយប្រពន្ធដើមវិញ ព្រោះកូនធំៗអស់ហើយ ។
ធាតុពិតនាងអត់មានប្រុសឈ្មោល ឬប្ដីឯណាទេ
គឺប្រឹងប្រែងរាល់ថ្ងៃដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះឱ្យគេដើម្បី
បានលុយចិញ្ចឹមកូនប្រុសទាំង២នាក់ ។
ស្រ្ដីរងគ្រោះបានបញ្ជាក់ទៀតថា
មួយជីវិតនេះនាងឆ្អែតចិត្ដហើយក្នុងការយកប្ដីចិត្ដឯង
ដោយអត់ស្គាល់សាវតារពិតប្រាកដ ជឿលង់នឹងពាក្យលួងលោមរបស់គេ ។
ទោះបីជាយ៉ាងណា
អ្វីៗហួសអស់ទៅហើយមានតែប្រឹងតស៊ូដើម្បីខ្លួនឯងនិងកូនតូចៗ២
នាក់ ។ ម៉្យាងទៀត
ជារៀងរាល់ថ្ងៃនាងរស់នៅដោយអ្នកជិតខាងគេអាណិតអាសូរក៏ផ្ដល់ជា
ម្ហូបអាហារសម្រាប់ចិញ្ចឹមកូន២នាក់ផងដែរ ។
នាងបានរំលឹកដែរថា កាត់សក់ខុស១ខែ
ធ្វើស្រែខុស១ឆ្នាំ តែយកប្ដីប្រពន្ធបើខុសគឺខុសមួយជីវិត
ដូច្នេះយុវជនយុវនារីទាំងឡាយមុននឹងយកអ្នកណាម្នាក់មកធ្វើជាគូ
អនាគតត្រូវតែសម្លឹងមើលឱ្យច្បាស់
និងត្រូវស្គាល់សាវតារគេជាមុនសិន
ដើម្បីកុំឱ្យទឹកភ្នែកជូតក្បាលជង្គង់ទៅថ្ងៃមុខ
ដូចដែលនាងបានជួបនាពេលនេះ ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment