អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី
មានប្រសាសន៍ថា
គម្រោងបង្កើតខណ្ឌថ្មីចំនួន៥បន្ថែមរបស់សាលារាជធានីភ្នំពេញនោះ
មិនមានអ្វីប្លែកទេ
ហើយក៏មិនមានភាពល្អប្រសើរដល់សង្គមជាតិឡើយ។ លោកថា
ការបង្កើតនេះ គ្រាន់តែជាលេះមួយ
ដើម្បីងាយស្រួលក្នុងការបែងចែកមុខងារ និងខាតបង់ថវិកាជាតិទៅវិញ ៖
"ការងារមិនមានប្រសិទ្ធភាព ដោយសារតែមនុស្សច្រើន
គេអាចប្រើប្រាស់មធ្យោបាយផ្សេងពីនេះ
មិនមែនបង្កើតខណ្ឌដើម្បីពង្រឹងប្រសិទ្ធភាពការងារទេ រឿងមួយទៀត
ខ្ញុំគិតថា
អាចថាជារឿងរកមុខតំណែងគ្នាដើម្បីចាយខ្ជះខ្ជាយនូវថវិកាជាតិ
ក៏ថាបាន បើសិនជាយើងចង់ឆ្លើយតបទៅនឹងកំណើនមនុស្សនៅក្នុងទីក្រុង
យើងចង់ឆ្លើយតបឲ្យមានប្រសិទ្ធភាព
យើងត្រូវមានគោលនយោបាយច្បាស់លាស់"។
ព័ត៌មានក្នុងស្រុកចុះផ្សាយថា
សាលារាជធានីភ្នំពេញ មានគម្រោងបង្កើតខណ្ឌថ្មីចំនួន៥បន្ថែម
លើខណ្ឌចំនួន៩ ឱ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញ
នៅខែឧសភា ឆ្នាំ២០១៤ ខាងមុខ។ ខណ្ឌដែលបំបែក ហើយបង្កើតជាខណ្ឌថ្មី
គឺខណ្ឌទួលគោក បំបែកជាពីរ គឺខណ្ឌទួលគោកទី១ និងទួលគោកទី២
ឬខណ្ឌបឹងសាឡាង។ ខណ្ឌចំកាមន បំបែកជាខណ្ឌចំកាមនទី១
និងចំកាមនទី២ ឬខណ្ឌទន្លេបាសាក់។ ខណ្ឌមានជ័យ
បំបែកជាខណ្ឌមានជ័យទី១ និងខណ្ឌមានជ័យទី២ ឬខណ្ឌច្បារអំពៅ។
ខណ្ឌប្ញស្សីកែវ បំបែកជាខណ្ឌប្ញស្សីកែវទី១ និងខណ្ឌប្ញស្សីកែវទី២
ឬខណ្ឌជ្រោយចង្វារ។ ចំណែកខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ
បំបែកចូលគ្នា ដោយយកសង្កាត់មួយចំនួន ក្នុងខណ្ឌទាំងពីរ
បង្កើតជាខណ្ឌថ្មី១ ហៅ ខណ្ឌសែនសុខទី២ ឬខណ្ឌពោធិ៍ចិនតុង ឬក៏
ខណ្ឌចោមចៅ ។
អ្នកសម្របសម្រួលនៃបណ្តាញរួបរួម
ដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា
លោក សន ជ័យ យល់ឃើញថា
ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍អភិបាលកិច្ចនៅថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ មានប្រសិទ្ធិភាព
លុះត្រាតែស្ថាប័នពាក់ព័ន្ធទាំងនោះ កុំប្រព្រឹត្តអំពើពុករលួយ
និងបង្ខិត
ឬផ្សព្វផ្សាយសេវាសាធារណៈដល់ពលរដ្ឋតាមមូលដ្ឋានឲ្យមានតម្លាភាព ៖
"ច្បាប់និយាយថា ទារកដែលកើតបានក្រោមមួយខែហ្នឹង
ទៅធ្វើសំបុត្រកំណើតអត់មានអស់លុយអស់កាក់អីទេ
ប៉ុន្តែនៅតែមានរូបភាពនៃការទារលុយ ចំណុចទីពីរ
គឺឯកសារនៃការបញ្ជាក់អត្តសញ្ញាណ ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា
សៀវភៅគ្រួសារអីជាដើម អត់មានមូលដ្ឋានណាមួយឲ្យច្បាស់ថា
តម្លៃវាប៉ុន្មានទេ ប្រជាពលរដ្ឋទៅពឹងពាក់សមត្ថកិច្ច ដូចជាប៉ូលិស
រដ្ឋបាលនៅសង្កាត់ហ្នឹង គឺគេទារ ៣០ទៅ៥០ដុល្លារ អីអញ្ចឹងទៅ
ទៅជាប្រជាពលរដ្ឋជាអ្នកជួលទៅវិញ"។
VOD មិនអាចសុំការអត្ថាធិប្បាយ
ពីអភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានទេ
នៅរសៀលថ្ងៃចន្ទនេះ។ ចំណែកអ្នកនាំពាក្យ លោក ឡុង ឌីម៉ង់
ក៏មិនអាចទាក់ទងបានដែរ។
តាមប៉ាន់ស្មានប្រជាជននៅរាជធានីភ្នំពេញមានប្រមាណជា២លាននាក់ និងខណ្ឌដែលមានស្រាប់ចំនួន ៩៕
ប្រភព ៖ VOD Hot News
No comments:
Post a Comment