សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Wednesday, November 13, 2013

ថៃ សន្យា​​ដក​​កង​ទ័ព​​ចេញពី​​តំបន់​​ដី​៤.៦​គីឡូម៉ែត្រ​ក្រឡា ជិត​ប្រាសាទ​ព្រះវិហារ​​

មេបញ្ជាការ​យោធា​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ សន្យា​ថា​​ខ្លួន​នឹង​ដក​កងកម្លាំងប្រដាប់អាវុធ​ចេញពី​តំបន់​ដី​ទំហំ​៤.៦​ គីឡូម៉ែត្រ​ក្រឡា និង​ព្រមព្រៀង​គ្នា​រក្សា​សន្ដិភាព សណ្ដាប់ធ្នាប់​​នៅ​តំបន់​មួយចំនួន​ទៀត ក្បែរ​​ប្រាសាទ​ព្រះវិហារ ដោយ​មិន​បង្ក​ឲ្យមាន​ការផ្ទុះ​សង្គ្រាម​ដាក់​គ្នា​នោះ​ឡើយ​។​
​ក្នុង​ជំនួប​រយៈពេល​ជាង​១០​នាទី ដែល​ធ្វើឡើង​
នៅខាងមុខ​ប្រាសាទព្រះវិហារ ភាគី​ខាង​កម្ពុជា ដឹកនាំ​ដោយ​មេបញ្ជាការ​កងពល​អន្ដ​រាគ​មន៍​លេខ​៣​ប្រចាំ​​ប្រាសាទព្រះវិហារ លោក ស្រី ឌឹ​ក​។ ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ មេបញ្ជាការ​កងពលតូច​លេខ​៦  លោក ថៈ​រ៉ាកន ថាំ​ម៉ាក់ វិន​ថូន ។
ជំនួប​​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់​ពី​តុលាការ បាន​សម្រេច​ថា កម្ពុជា មាន​អធិបតេយ្យ ពេញលេញ​លើ​បូរណភាព​ទឹកដី​លើ​តំបន់​ពយ​ភ្នំ​នៃ​ប្រាសាទ​ព្រះវិហារ ដូចដែល​មាន​កំណត់ ក្នុង​កថា​ខណ្ឌ ទី​៩៨ នៃ​សាលដីកា​​នេះ ហើយ​ជា​បច្ច័យ តុលាការ​ប្រកាសថា រាជាណា​ចក្រ​​​ថៃ មាន​កាតព្វកិច្ច​ដកចេញ​ពី​ទឹកដី​នេះ នូវ​គ្រប់​កងកម្លាំងប្រដាប់អាវុធ ឬ​កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេងទៀត របស់​ថៃ បើ​បោះ​ទីតាំង​នៅក្នុង​ទឹក​ដី​នោះ​។​
លោក ថៈ​រ៉ាកន ថាំ​​ម៉ាក់​វិថូន ថ្លែង​តាមរយៈ​អ្នកបកប្រែ​ថា ភាគី​ថៃ នឹង​អនុវត្ដ​តាម​យន្ដការ​រដ្ឋាភិបាល​របស់ខ្លួន និង​ទៅ​តាម​គណៈកម្មការ​ព្រំដែន ដើម្បី​ឲ្យ​តំបន់​ជម្លោះ​នោះ​មាន​សន្ដិភាព​។ លោក​បញ្ជាក់ថា កងទ័ព​ថៃ ធានា​ថា​ពួកគេ នឹង​មិនឲ្យ​មាន​ការប៉ះទង្គិ​ច​គ្នា រវាង​កងកម្លាំង​របស់​ប្រទេស​ទាំងពីរ ​៖ "គាត់ថា​ ខាង​គាត់​គឺ​ធានា ធានា​ទទួល​ខុស​ត្រូវអំពី​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​ភាគី​កម្ពុជាយើង​ផង ​ដែរ​​ ធានាការ​កុំ​ឲ្យ​មាន បញ្ចៀស​កុំឲ្យ​មានការ​ប៉ះ​ទង្គិច​គ្នា អាហ្នឹង​ត្រូវប្រើ​​​ពេល​វេលា​ ទៅតាមរយៈ​​យន្ត​ការ​របស់​​គណៈកម្មការ"។
​មេបញ្ជាការ​កងពល​អន្ដរាគមន៍​លេខ​៣​របស់​ កម្ពុជា លោក ស្រី ឌឹ​ក មាន​ប្រសាសន៍ថា ភាគី​កម្ពុជា នឹង​បន្ដ​​រក្សា​សន្ដិភាព​សណ្ដាប់ធ្នាប់ និង​សហ​ប្រតិ​ប​ត្ដិ​ការ​​ល្អ​​ជា​មួយ​​ជា​មួយ​ភា​គី​ថៃ ដោយ​ឲ្យកម្លាំង​​កងទ័ព​​ឈរជើង​​នៅ​ក​ន្លែ​ង​ដើម​ដដែល​។ លោក​បន្ដថា ដោយ​ឡែក​ការប្រកាស​សាលដីកា​របស់​តុលាការ​យុត្ដិធម៌​​អន្ដរជាតិ​​ទី​ក្រុង​ ឡាអេ​(ICJ)​នោះ ជា​ភារៈកិច្ច​រដ្ឋាភិបាល​ទាំងពីរ​ ​៖ "ពាក់ព័ន្ធតែ​កង​ទ័ព​នៅព្រំដែន​ទេ គឺ​យើង​រក្សា​លំនឹង ស្ថាន​ភាពសហ​ប្រតិបត្តិ​ការ​ល្អ​ជាមួយ​គ្នា​ យើង​ទាំង​អស់​គ្នា​គោរព​ហើយ​ ប៉ុន្តែ​​ដោយឡែក​យើងទេ ដែល​ត្រូវ​តែ​​គោរព​បទ​បញ្ជា​​រៀង​​ខ្លួន​​ដែរ​ យប់ម៉ិញ​សម្តេច​នាយក​រដ្ឋ​មន្ត្រី គាត់​បាន​ផ្តាំ​ផ្ញើថា ឲ្យជួយ​ខិត​ខំ​ធ្វើម៉េចមាន​ការ​​​អត់​ធ្មត់ ហើយ​សហ​ការ​គ្នា​ឲក្យ​បាន​ល្អ ឈរ​កន្លែង​ណា​​គឺ​ឈរ​នៅ​កន្លែង​ហ្នឹង គឺ​​កុំ​ជ្រៀត​​ជ្រែកអ្នក​ដទៃ ហើយ​គាត់​ផ្តាំ​ផ្ញើ​ថែម​ទៀត ​ឲ្យ​យើង​ខិត​ខំ​​អប់រំ​ប្រជា​ពលរដ្ឋ ប្រជា​ពលរដ្ឋ​យើង​ឲ្យ​យល់​ពី​បញ្ហា​ហ្នឹង"។
កាសែត​បាងកក​ប៉ុស្តិ៍ រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មន្ត្រី​ជំនាញ​ថៃ នឹង​ពិភាក្សា​ឲ្យបាន​លម្អិត​ទៅលើ​ការសម្រេច​របស់​សាលា​ដីកា មុន​ពេល​ចរចា​ជាមួយ​​កម្ពុជា​។​ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ មាន​ប្រសាសន៍​ថា ប្រទេស​ថៃ នឹង​ចូល​ការចរចា​ជាមួយ​កម្ពុជា ដើម្បី​បញ្ចប់​ជម្លោះ ដោយ​បញ្ជាក់​​ថា ការចរចា នឹងមិន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ថៃ ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ និង​ស្មារតី​អាស៊ាន​។​ លោកស្រី​បន្ត​ថា លោកស្រី ចង់​ឲ្យ​ប្រជាជន​ថៃ​​ទាំងអស់ មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ដែល​នឹង​ប្រឹង​ឲ្យអស់​ពី​សមត្ថភាព​​ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​។​
ចំណែក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ព្រំដែន និង​ពលរដ្ឋ​កម្ពុជា​ទាំង​អស់ បន្ត​រក្សា​ភាពស្ងប់ស្ងាត់ រក្សា​ការឈរជើង​នៅ​ដដែល ជៀសវាង​ការប៉ះទង្គិច​ដោយ​អាវុធ ហើយ​ទុក​លទ្ធភាព​ជូន​យន្តការ​នៃ​រាជរដ្ឋាភិបាល​ទាំងពីរ បន្ត​​ការពិភាក្សា ដើម្បី​ជំរុញ​ការអនុវត្ត​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។​
យ៉ាងណាក៏ដោយ រហូតមកដល់​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ ស្ថានភាព​នៅ​តាម​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ មាន​សភាព​ភាពស្ងប់ស្ងាត់ តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ ដែល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នោះ មាន​ការថយចុះ  គឺ​មាន​មិន​ដល់​១០០​នាក់​ទេ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ធម្មតា ភ្ញៀវ​ទេសចរណ៍ មាន​ជាង​៣០០​នាក់ ក្នុង​មួយ​ថ្ងៃ​។ ចំណែក​ពលរដ្ឋ​មួយចំនួន​ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​មាន​ការភ័យខ្លាច​នៅឡើយ បន្ទាប់​ពី​តុលាការ​ICJ បកស្រាយ​សាលដីកា​៕


ប្រភពពី៖ វីអូឌីហតញូ

No comments:

Post a Comment