ចូរអ្នកចាប់ផ្ដើមធ្វើផែនការពីថ្ងៃនេះ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់អ្នក!
ប្រសិនអ្នកចង់ទទួលបានជោគជ័យនៅពេលអនាគតនោះ
អ្នកត្រូវធ្វើកាលវិភាគផ្ទាល់ខ្លួន សម្រាប់ឆ្នាំនីមួយៗ
ដែលអ្នកគួរប្រតិបត្តិដើម្បីទទួលបានលទ្ធផលល្អដូចបំណងនាពេល
អនាគត។
ខ្ញុំមានវិធីមួយចំនួនសម្រាប់អ្នកទាំងអស់គ្នាយកទៅធ្វើការគិត
ពិចារណា និងប្រតិបត្តិដូចខាងក្រោមនេះ ៖
៙ ប្រសិនអ្នកជានិស្សិតឆ្នាំទី 1 ៖
»
ត្រូវរៀបចំកាលវិភាគរៀនឲ្យបានល្អ
ត្រួតពិនិត្យមុខវិជ្ជាដែលអ្នកត្រូវរៀន ថាមានអ្វីខ្លះ ហើយ
ត្រូវចាប់ផ្ដើមគិតពីពេលនេះទៅថា
មុខវិជ្ជាណាខ្លះដែលនឹងនាំអ្នកឆ្ពោះទៅរកគោលដៅដែលអ្នក
បានកំណត់ទុក។
» អ្នកមិនគួរគេចវេះ ការចូលរួមការងារសង្គម ឬការងាររបស់មហាវិទ្យាល័យដែលបានបង្កើតឡើងក្រៅពីម៉ោងរៀន ដូចជាការប្រកួតកីឡាប្រចាំមហាវិទ្យាល័យ ការចូលរួមបោះជំរំ ការចូលរួមការសំអាតបរិស្ថានទីប្រជុំជន។ល។ ទាំងអស់នេះវាបង្កើតឲ្យអ្នកមានបទពិសោធន៍ ក្នុងការធ្វើការជាក្រុម ដឹងពីបរិយាកាសក្រៅមហាវិទ្យាល័យ បង្កើតទំនាក់ទំនងល្អ ឬភាពរីករាយផ្សេងៗទៀត ដែលយើងនឹងបានជួបវានាពេលខាងមុខ។
» ប្រសិនអ្នកជាសិស្សរៀនពូកែគួរស្វះស្វែងរកអាហារូបករណ៍ ទាំងមហាវិទ្យាល័យឯកជន និងមហាវិទ្យាល័យរដ្ឋ ឬអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។
៙ ប្រសិនអ្នកជានិស្សិតឆ្នាំទី 2 ៖
» អ្នកត្រូវប្រឹក្សាយោបល់ជាមួយរៀមច្បង ក្រោយពីអ្នកបានរៀនមូលដ្ឋានគ្រឹះនៅឆ្នាំទី 1 ហើយ ព្រោះពេលនេះចាប់ផ្ដើមរៀនមុខវិជ្ជា ដែលជាជំនាញរបស់អ្នកហើយ។ ដូច្នេះសុំការណែនាំពីរៀម ច្បងដែលមានបទពិសោធន៍ជាការល្អ ដូចជាគាត់ធ្លាប់រៀនមុខវិជ្ជាអ្វីខ្លះ ហើយមុខវិជ្ជាណាដែលអ្នកត្រូវប្រុងប្រយ័ត្នជាពិសេសជាដើម។» ត្រូវធ្វើការរៀនបន្ថែមទៀត ក្រោយពីអ្នកបានសម្របសម្រួលខ្លួនអ្នកបានជាមួយនឹងរបៀបសិក្សាថ្មី នៅមហាវិទ្យាល័យ និងយកចិត្តទុកដាក់រៀនឲ្យកាន់តែច្បាស់លាស់ឡើងថែមទៀត។ ហើយវាក៏ជាឱកាសសមរម្យសម្រាប់រៀនភាសាបន្ថែម ដូចជា អង់គ្លេស ចិន ឬភាសាផ្សេងៗ ដែលអ្នកចូលចិត្ត ឬវគ្គសិក្សាខ្លី នៅតាមបណ្តារអង្គការ ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្សេងៗ។ល។
» ដើរកម្សាន្តខ្លះសម្រាប់ពេលឈប់វិស្សមកាលរបស់អ្នក កុំបណ្ដោយពេលវេលាឲ្យកន្លងហួសទៅដោយឥតប្រយោជន៍ អាចទៅចូលរួមបោះជំរំជាមួយរៀមច្បង ឬរួមជាមួយមិត្តភ័ក្ដិធ្វើការងារជាប្រយោជន៍ដល់សង្គម។ ព្រោះថាបើសិនជាដល់ពេលចូលធ្វើការហើយនោះ អ្នកនឹងបានដឹងថាការរកពេលវេលាទំនេរសម្រាប់ផ្ទាល់ខ្លួនទាំងអស់ នេះនោះគឺវាពិបាកណាស់។
៙ ប្រសិនអ្នកជានិស្សិតឆ្នាំទី 3 ៖
» ចូរឧស្សាហ៍ព្យាយាមជួបជាមួយសាស្ត្រាចារ្យបង្រៀន ដើម្បីប្រឹក្សាពីការសិក្សារបស់អ្នក ឬឲ្យគាត់ជួយ ផ្ដល់យោបល់អំពីការស្វែងរកកន្លែងធ្វើការ ឬក៏សិក្សាបន្ត។ នេះជាឱកាសល្អដែលគាត់បានស្គាល់អ្នក នូវពេលដែលអ្នកដាក់ពាក្យសុំធ្វើការ ឬរៀនបន្ត អ្នកត្រូវការ ការធានាពីគាត់ ដូច្នេះគាត់អាចជួយដាក់ឈ្មោះធានាឲ្យអ្នកបាន។» ការហ្វឹកហាត់ការងារ គឺដើម្បីឲ្យអ្នកបានជួបប្រទះជីវិតនៃការធ្វើការពិតៗដែលមាន និងសម្រាប់អ្នកអាចប្រមូលយកបទពិសោធន៍ ហើយក៏ដើម្បីឆ្លើយនឹងសំនួររបស់ខ្លួនឯងផងដែរថា ការងារដែលអ្នកស្រមៃចង់ធ្វើពិតប្រាកដនោះ វាស័ក្ដិសមជាមួយអ្នកដែរឬទេ?។ ប្រសិនចម្លើយថាមិនសមនោះ ពេលហាត់ការលើកក្រោយត្រូវផ្លាស់ប្តូររកការងារណាដែលប្រហែលគ្នា នឹងអ្វីដែលជាគោលដៅរបស់អ្នក។
» ត្រូវប្រមូល វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីកន្លែងផ្សេងឲ្យបានច្រើន ទាំងផ្នែកភាសា កុំព្យូទ័រ វគ្គជំនាញខ្លី ឬក៏វគ្គបណ្ដុះបណ្ដាលផ្សេងៗ។ ពីព្រោះការមានវិញ្ញាបនបត្របញ្ជាក់ការសិក្សានិង បញ្ជាក់សមត្ថភាព បទពិសោធន៍ការងារច្រើនកាលណា ឱកាសនៃការបានការងារធ្វើក៏មានច្រើនដូច្នោះដែរ។
៙ ប្រសិនអ្នកជានិស្សិតឆ្នាំទី 4 ៖
» យកចិត្តទុកដាក់រៀនមុខវិជ្ជាដែលនៅសល់ទាំងប៉ុន្មានឲ្យអស់ ហើយព្យាយាមផ្ដោតអារម្មណ៍ទៅលើមុខវិជ្ជាដែលជាជំនាញ។» ចូរធ្វើការសម្រេចចិត្តនៅពេលនេះឲ្យបាន ថាដំណើរជីវិតទៅថ្ងៃអនាគតរបស់អ្នកត្រូវដើរ ផ្លូវណា នឹងត្រូវរៀនបន្តឬ ក៏ធ្វើការ បើរៀនបន្តតើបានថវិកាឧបត្ថម្ភមកពីប្រភពណា ប្រសិនមានថវិកាហើយ ចូរធ្វើការប្រឹក្សាជាមួយ អ្នកមានជំនាញឬរៀមច្បង អំពីគោលដៅនៃការសិក្សាបន្ត។
» ត្រូវត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ ហើយប្រសិនជាចង់រៀនឲ្យចប់ភ្លាមមានការងារធ្វើភ្លាម អ្នកគួរចាប់ផ្ដើមដាក់ពាក្យសុំធ្វើការចាប់ពីពេលនេះតទៅ។ អ្នកត្រូវត្រៀមឯកសារផ្សេងៗ ដែលអ្នកត្រូវសុំបញ្ជាក់ពីមហាវិទ្យាល័យ ដូចជា តារាងពិន្ទុ លិខិតបញ្ជាក់ការសិក្សាឆ្នាំបញ្ចប់ និងវិញ្ញាបនបត្របញ្ជាក់ផ្សេងជាដើម។
៙ ការស្វែងរកចំណេះដឹងបង្គ្រប់មុនពេលរៀនចប់ ៖
» ចូរប្រើប្រាស់បណ្ណាល័យ របស់មហាវិទ្យាល័យឲ្យបានជាប្រយោជន៍ចំពោះខ្លួន ព្រោះបើសិនជាអ្នករៀនចប់ហើយ អ្នកនឹងមិនអាចរកសៀវភៅអានដោយឥតគិតថ្លៃបានដូចនៅទីនេះទៀតទេ។» បើជាការល្អ អ្នកគួរហាត់លេងឧបករណ៍តន្ត្រីឲ្យបានមួយយ៉ាងតិច ដើម្បីប្រើវាជាប្រយោជន៍នៅថ្ងៃខាងមុខ ដូចជាឲ្យមិត្តភ័ក្ដិបង្រៀន ឬរៀនតាមសមាគមជាដើម។
» ព្យាយាមស្វែងរកចំណូលពីសមត្ថភាពរបស់អ្នកដែលមានស្រាប់ ដូចជា ធ្វើរបស់របរលក់ ទទួលវាយអត្ថបទ បកប្រែឯកសារ ឬរកការងារក្រៅម៉ោងធ្វើ ពីព្រោះក្រៅអំពីយើងទទួលបានចំណូលបន្ទាប់បន្សំហើយនោះ អ្នកក៏អាចប្រមូលយកបទពិសោធន៍ពីការងារទាំងនោះផងដែរ។
» ប្រសិនជាអាចទៅរួចអ្នកគួររៀនបើកបរឲ្យហើយនៅក្នុងកំឡុងពេលនេះ ព្រោះថាការងារខ្លះ ត្រូវការអ្នកចេះបើកបរ។
» សាកល្បងធ្វើការជាភ្នាក់ងារលក់ ឬជាអ្នកបម្រើតាមអាហារដ្ឋានឲ្យបានយ៉ាងតិចមួយដង ដើម្បីហ្វឹកហាត់ភាពទន់ភ្លន់ ភាពអត់ធ្មត់របស់អ្នក។ វាធ្វើឲ្យអ្នកចេះសម្របខ្លួនតាមស្ថានការណ៍ ហើយវាក៏អាចជំរុញបន្ថែមអ្នកឲ្យយល់ដឹងបានពីភាពជាអ្នកដឹកនាំ ការងារទាំងអស់នេះ មានភាពចាំបាច់ណាស់សម្រាប់ជីវិតការងាររបស់អ្នកក្នុងថ្ងៃអនាគត ផងដែរ។
________________________
ចម្លងនិងកែសម្រួលពី :
មជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិកកម្ពុជា
និពន្ធដោយ : ម៉ាន់ ច័ន្ទឌី
ចែករំលែកបន្តពី ៖ ប្លក់អាក្បាលធំ និងប្លក់អាសត្វចម្លែក
No comments:
Post a Comment