រាជធានីភ្នំពេញ៖ គ្មានអ្វីប្រែប្រួលទេ
សម្រាប់ការគ្រោងទុកក្នុងការចរចាគ្នារវាងក្រុមបច្ចេកទេស
របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ដើម្បីឈានដល់ជំនួបថ្នាក់ដឹកនាំកំពូលសាជាថ្មីរវាងគណបក្ស
ទាំង២ក្នុងការដោះស្រាយបញ្ហានយោបាយក្រោយថ្ងៃបោះឆ្នោត ។
ទោះជាយ៉ាងណា
ជំនួបពិភាក្សាដែលចំណាយពេលជាង៣ម៉ោងរវាងក្រុមការងារ
បច្ចេកទេសរបស់គណបក្សទាំង២
មិនទទួលបានផ្លែផ្កាអ្វីជាការគួរឱ្យកត់សម្គាល់សម្រាប់ការ
ដោះស្រាយបញ្ហានយោបាយដែលជាការទាមទាររបស់គណបក្ស
សង្គ្រោះជាតិដែលលើកឡើងថា
គោរពតាមឆន្ទៈប្រជាពលរដ្ឋនោះឡើយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពី
ចប់ជំនួបចរចាគ្នានាព្រឹកថ្ងៃទី៥ វិច្ឆិកា
នៅវិមានរដ្ឋសភា លោក យឹម សុវណ្ណ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា
ជំនួបរវាងក្រុមការងារបច្ចេកទេសគណបក្សទាំងពីរបានពិភាក្សា
គ្នាអំពីការងារបោះឆ្នោត ។ ការជជែកគ្នាថ្ងៃនេះ
ក្រុមបច្ចេកទេសមិនអាចអារកាត់ថាយ៉ាងណានោះទេ
គឺក្រុមការងារនឹងយករាល់ការជជែកគ្នានេះជូនថ្នាក់ដឹកនាំ
កំពូល ។ ទោះបីជាមិនទាន់ទទួលបានលទ្ធផលយ៉ាងណាក្ដី
ក៏ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរនឹងជួបគ្នាលើកក្រោយ
ទៀត នៅថ្ងៃខាងមុខឆាប់ៗនេះ ។ លោក ព្រុំ សុខា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និងជាប្រធានក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា
បានថ្លែងថា
ជំនួបចរចាគ្នារវាងក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិនេះបានពិភាក្សាគ្នាលើកិច្ចការមួយចំនួន
។
ពិសេសនោះផ្អែកលើការឯកភាពគ្នាលើចំណុចដែលបានឯកភាព
គ្នាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១៦
កញ្ញា កន្លងមក ។ លោក ព្រុំ សុខា បន្តថា
កិច្ចពិភាក្សានៅថ្ងៃនេះក្រុមបច្ចេកទេសគណបក្សទាំងពីរ
មិនបានឯកភាពគ្នាអ្វីមួយនោះទេ
ហើយក្រុមបច្ចេកទេសទាំងពីរបានសន្យានឹងជួបពិភាក្សាគ្នានៅ
ពេលឆាប់ៗខាងមុខ ។
ទោះបីជាក្រុមបច្ចេកទេសជួបពិភាក្សាគ្នាយ៉ាងណាក្ដី
មិនអាចសម្រេចរឿងនយោបាយចុងក្រោយជំនួសថ្នាក់ដឹកនាំ
បានដែរ ។
យើងគ្រាន់តែជួបគ្នា
ជជែកគ្នាលើលទ្ធភាពបច្ចេកទេសប៉ុណ្ណោះ
ដូច្នេះទោះបីជារបៀបវារៈរបស់តំណាងគណបក្សទាំងពីរលើក
យកមកលាតត្រដាងយ៉ាងណាក្ដី
ចុងក្រោយនោះត្រូវសម្រេចដោយថ្នាក់ដឹកនាំទាំងពីរដដែល ។
ពេលនេះយើងបានលើកយករបៀបវារៈមួយដែលថ្នាក់ដឹកនាំកំពូល
បានឯកភាពគ្នា គឺកំណែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ
។ លោក ព្រុំ សុខា បញ្ជាក់ថា
ការជជែកគ្នានេះបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សទាំង២បាន
ស្នើឱ្យក្រុមបច្ចេកទេសជួបគ្នា
ហើយការជួបគ្នានេះយកអ្វីដែលថ្នាក់ដឹកនាំពិភាក្សា
និងឯកភាព
និងអ្វីដែលមិនទាន់ឯកភាពគ្នាមកជជែកគ្នាតែប៉ុណ្ណោះ។
ការជជែកគ្នារវាងក្រុមបច្ចេកទេសមិនបានជជែកគ្នាពីរឿងបោះ
ឆ្នោតទេ ព្រោះថា កាលប្រជុំថ្នាក់កំពូលបានជជែកគ្នារួចហើយ
យើងនិយាយតែការកែទម្រង់ការបោះឆ្នោត ។
កំណែទម្រង់ការបោះឆ្នោតមានច្រើន
ប៉ុន្តែយើងមិនបានលើកយកមកជជែកគ្នាទំាងអស់ទេ
ហើយប្រសិនបើក្រុមបច្ចេកទេសរកឃើញចំណុចរួមនោះ
យើងនឹងពិភាក្សាតាមក្រោយ ។ ទោះបីជាយ៉ាងណាក្តី លោកព្រំុ
សុខា
មិនអាចបញ្ជាក់ពីចំណុចដែលគ្រោងនឹងលើកយកមកពិភាក្សារវាង
ក្រុមបច្ចេកទេសនៅលើកក្រោយទេ ។ លោក យឹម សុវណ្ណ
បានលើកឡើងថា គណបក្សសង្គ្រោះជាតិបានដាក់នូវរបៀបវារៈចំនួន៣
គឺទី១-ការរៀបចំគណៈកម្មការស្វែងរកការពិតសម្រាប់ម្ចាស់
ឆ្នោតដើម្បីឈានទៅកែទម្រង់ការបោះឆ្នោត ។
ទី២-គណបក្សសង្គ្រោះជាតិទាមទារឱ្យថ្នាក់ដឹកនាំ គ.ជ.ប
លាលែងពីតំណែងរបស់ខ្លួន
និងទី៣-ទាមទារឱ្យកែទម្រង់ប្រព័ន្ធបោះឆ្នោតតាមអនុសាសន៍របស់
អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ។
លោក យឹម សុវណ្ណ បញ្ជាក់ថា
ទោះបីជាភាគីម្ខាងមានលើកយកបញ្ហាមកបញ្ជាក់យ៉ាងណាក៏ដោយ
ក៏ភាគីម្ខាងទៀតមិនចាប់អារម្មណ៍
បែរជាលើកបញ្ហាផ្សេងមកពិភាក្សា វាប្រៀបដូចមិនស៊ីគ្នា ។
យ៉ាងណាក៏ដោយ សេចក្តីសម្រេចក្នុងកិច្ចពិភាក្សាមានពីរគឺ
ទី១-ពិភាក្សាកម្រិតនយោបាយ និងទី២-កម្រិតបច្ចេកទេស ។
កម្រិតនយោបាយអាចដោះស្រាយមានតែថ្នាក់ដឹកនាំកំពូលទើបអាចដោះ
ស្រាយបាន ហើយកម្រិតបច្ចេកទេសវិញ
ក្រុមបច្ចេកទេសបានលើកនូវចំណុចសំខាន់ៗមួយចំនួនដែលទាក់ទងនឹង
កំណែទម្រង់ការបោះឆ្នោត ។ លោក យឹម សុវណ្ណ លើកឡើងថា
ចំណុចនយោបាយដែលត្រូវដោះស្រាយនោះ
គឺការកែទម្រង់ស្ថាប័នជាតិសំខាន់ៗរបស់រដ្ឋ
ប៉ុន្តែប្រសិនបើយើងសិក្សាពីរបៀបកែទម្រង់ឱ្យសីុជម្រៅនោះវានឹង
ចូលក្នុងរឿងបច្ចេកទេស ។ ក្រោមការសួរពីអ្នកសារព័ត៌មានថា
តើគណបក្សសង្គ្រោះជាតិបានដាក់គោលការណ៍អ្វីក៏ដូចជាសមាសភាព
ក្នុងកំណែទម្រង់ស្ថាប័នយា៉ងណានោះ?
និងការដាក់របៀបវារៈរបស់គណបក្សសង្គ្រោះជាតិសម្រេចបានយា៉ងណា
ក្នុងកិច្ចពិភាក្សានោះ ? លោក យឹម សុវណ្ណ បានលើកឡើងថា
ការជជែកគ្នាមានកន្លែងទទួលយកបាន និងទទួលយកមិនបាន
ហើយការបញ្ចូលសមាសភាពក្នុងការកែទម្រង់ស្ថាប័នរដ្ឋនោះ លោក
យឹម សុវណ្ណ មិនបានប្រាប់ឱ្យដឹងច្បាស់ទេ គ្រាន់តែលើកឡើងថា
ទុកឱ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច ។ លោកយឹម សុវណ្ណ
បានឱ្យដឹងថា
ការជជែកគ្នារបស់ក្រុមបច្ចេកទេសគណបក្សទាំងពីរមិនបានជជែកគ្នា
ពីការប្រជុំសភាទេ ហើយលោកបានប្រកែក និងប្រកាន់ជំហរថា
ដរាបណាមិនទាន់មានផែនការ
និងសកម្មភាពច្បាស់លាស់នោះគណបក្សសង្គ្រោះជាតិមិនចូលប្រជុំសភា
ជាដាច់ខាត ។
លោក ព្រុំ សុខា បញ្ជាក់ថា
ជំនួបចរចាគ្នាអស់រយៈពេលជាង៣ម៉ោងនេះ
មិនមានអ្វីជាផ្លែផ្កានោះទេ
ហើយក្រុមបច្ចេកទេសគណបក្សទាំងពីរ
នឹងជួបគ្នានៅពេលឆាប់ៗនេះទៀត ។ ការជជែកគ្នាថ្ងៃនេះ
និយាយពីការឯកភាពគ្នារបស់ថ្នាក់ដឹកនាំដែលបានឯកភាពគ្នា
កាលពីថ្ងៃទី១៦ កញ្ញាកន្លងមក
និងនិយាយពីការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅពេលខាងមុខ ។
ការជួបចរចាគ្នារវាងក្រុមការងារបច្ចេកទេសរបស់គណបក្ស
ទាំងពីរបានចាប់ផ្តើមពីម៉ោង៩ព្រឹក
រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ វិច្ឆិកា
ធ្វើឱ្យអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ
និងប្រជាពលរដ្ឋទន្ទឹងរង់ចាំពីលទ្ធផលដែលសង្ឃឹមថា
នឹងទទួលបានលទ្ធផលល្អ ។ ផ្ទុយពីអ្វីដែលរង់ចាំនោះ
ត្រូវបានទទួលការរិះគន់ថា
ការប្រជុំនេះគឺជាអ្វីមួយដែលធ្វើឱ្យល្អមើលតែប៉ុណ្ណោះ
ព្រោះតែមិនមាននរណាម្នាក់ជាអ្នកសម្រេចនោះទេ ។ សូមបញ្ជាក់ថា
ក្រុមការងារបច្ចេកទេសចំនួន៥រូប មកពីគណបក្សសង្គ្រោះជាតិ
ដែលត្រូវជួបចរចា
ជាមួយក្រុមការងារបច្ចេសរបស់គណបក្សប្រជាជនកម្ពុជា រួមមាន
លោក សុន ឆ័យ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក យ៉ែម
បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល លោក គួយ ប៊ុនរឿន
អគ្គនាយករងរដ្ឋបាល លោក អេង ឆៃអ៊ាង
អនុប្រធានគណៈកម្មាធិការនាយក និងលោក យឹម សុវណ្ណ
ប្រធានគណៈកម្មាធិការប្រតិបត្តិ ។
ចំណែកក្រុមការងារបច្ចេកទេសរបស់គណបក្ស
ប្រជាជនកម្ពុជា មានចំនួន៥រូបដែរ រួមមាន លោក ព្រុំ សុខា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កើត រិទ្ធ
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សម សឿន
នាយករងខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា និងលោក លេង វី
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment