វេជ្ជបណ្ឌិតផ្នែកវះកាត់ជនជាតិចិនភ្ញាក់
ផ្អើល ក្រោយពីវះកាត់ក្មេងស្រីអាយុ១២ឆ្នាំ
ដែលសង្ស័យថាកើតជំងឺមហារីកក្នុងប្រព័ន្ធរំលាយអាហារ
បែរជាប្រទះឃើញដុំខ្មៅមួយដុំជា សរសៃសក់
ទម្ងន់ជិត១គីឡូក្រាមនៅក្នុងក្រពះ ។
សារព័ត៌មានរបស់ចិនកាលពីថ្ងៃទី១៦ មករា ២០១៤
បានផ្សាយថា ស្ត្រីជាម្តាយនៅទីក្រុងលួយ៉ាង ខេត្តហ៊ឺណាន
ស្ទើរតែសន្លប់បាត់ស្មារតី ក្រោយពីគ្រូពេទ្យឱ្យដឹងថា
បានជាកូនស្រីរបស់គាត់មិនសូវទទួលទាន ស្រកទម្ងន់
និងសរសៃសក់ជ្រុះបាត់ជា រឿយៗមកពីនាងស៊ីសក់ខ្លួនឯង ។
ក្រុមគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យនៃ
មហាវិទ្យាល័យនិងបច្ចេកវិទ្យាហុឺណាន បានវះកាត់ពោះក្មេងស្រី
ដើម្បីយកវត្ថុសង្ស័យដែលឆ្លុះឃើញតាមរយៈការថតអិច្សរ៉េ (X-Ray)
កាលពីថ្ងៃទី១១ មករា ។ តាមរយៈការវះកាត់ឃើញដុំខ្មៅចម្លែក
គឺវាជា «សរសៃសក់» ដែលផ្គុំគ្នាជាដុំរឹង
និងមានទម្ងន់ជិត១គីឡូក្រាម ។ គ្រូពេទ្យបញ្ជាក់ថា
ដុំសរសៃសក់ស្ថិតក្នុងក្រះពះរបស់ក្មេងស្រីនោះទំហំប្រហែល៧០% ។
លោក ឈើន យ៉េ
នាយករងផ្នែកមហារីកក្នុងប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យ
បញ្ជាក់ថា សរសៃសក់បានផ្គុំគ្នាជារូបរាងស្រដៀងនឹងក្រពះ
មានលក្ខណៈស្អិត និងរឹង ។
លោកឈើន
បានក្រើនរំឭកឪពុកម្តាយឱ្យយកចិត្តទុកដាក់ថែទាំកូនរបស់ខ្លួន
ឱ្យបានជាប់លាប់
ហើយប្រសិនបើប្រទះឃើញមានអាការខុសប្រក្រតីណាមួយ
ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល ។
ម្តាយរបស់ក្មេងស្រីនោះនិយាយថា ៖
«ខ្ញុំធ្លាប់ឃើញកូនស្រីរបស់ខ្ញុំយកសក់ដាក់ក្នុងមាត់ទំពាលេង
ជាញឹកញាប់ ប៉ុន្តែមិនចាប់អារម្មណ៍ ឬសង្ស័យថានាងសុីវាទេ
ព្រោះយល់ថានាងទំពាលេង» ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment