1. សម្របខ្លួនឲ្យត្រូវនឹងសង្គម គឺត្រូវព្យាយាមបើកចិត្តឲ្យទូលាយទទួលយកនូវរឿងរ៉ាវថ្មីៗ ដែលកំពុងតែឈានជើងចូលមកក្នុងអនាគតដ៏ខ្លីខាងមុខរបស់ខ្លួន។
2. ចូលរួមការងាររួមរបស់មហាវិទ្យាល័យ គឺបើសិនជាមហាវិទ្យាល័យរៀបចំកម្មវិធីអ្វីមួយ អ្នកត្រូវចូលរួមមានដូចជាការធ្វើដំណើរទៅបោះជំរំនៅតាមបណ្ដាខេត្ត នានា ការជួយការងារបរិស្ថានដូចជា សម្អាតទីប្រជុំជន ដាំដើមឈើ...ជាដើម ដើម្បីទទួលបានបទពិសោធន៍។
3. ត្រូវចេះរាប់អានមិត្តភ័ក្ដិ ការរាប់អានត្រឹមត្រូវគឺ អ្នកត្រូវរាប់អានមិត្តដែលនាំឲ្យអ្នកដើរលើផ្លូវល្អ អ្នកដែលសង្គមភាគច្រើនរាប់រក ចេះយល់ពីអអធ្យាស្រ័យគ្នាទៅវិញទៅមក ណែនាំក្នុងផ្លូវល្អក្នុងការរៀនសូត្រ ទាំងនេះគឺជាការរាប់អានមិត្តនៅក្នុងផ្លូវល្អ។ ត្រូវជៀសវាងរាប់អានមិត្តដែលនាំឲ្យយើងវិនាសដូចជា នាំអ្នកប្រើប្រាស់ថ្នាំញៀន ផឹកស៊ីអាវាសែ ដើរលេងប៉ោឡែ ចូរកុំទៅរាប់អានអ្នកទាំងអស់នេះជាដាច់ខាត។ ខ្ញុំធ្លាប់ឃើញមិត្តរួមថ្នាក់ជាមួយកាលខ្ញុំនៅរៀនមហាវិទ្យាល័យ ប្រើថ្នាំញៀន ដើរលេងផឹកស៊ី ដែលពួកគេគិតថាជារឿងឡូយសង្ហា អស្ចារ្យ សម្រាប់ពួកគេនៅពេលនោះ តែមកដល់ពេលនេះពួកគេ ខ្លះក៏ស្លាប់ ខ្លះក៏មិនត្រូវបានសង្គមរាប់រក នេះគឺជាការពិត។
4. ការចេះលើកលែងទោស ចំពោះចំណុចនេះអ្នកមិនគួរអនុវត្តវានៅលើដែនកំណត់ណាមួយនោះទេ ដូចជាអ្នកអនុវត្តចំពោះតែមិត្តរួមថ្នាក់ឬ មហាវិទ្យាល័យប៉ុណ្ណោះនោះទេ អ្នកត្រូវអនុវត្តចំពោះមនុស្សទូទៅដែលធ្វើខុស ដូចពាក្យស្លោកខ្មែរយើងពោលថា (ពៀររម្ងាប់ដោយការមិនចងពៀរ)។
5. កុំដើរលេងយប់ជ្រៅ ជាពិសេសបើអ្នកជានិស្សិតស្រីក្រមុំ ហើយអ្នកត្រូវតែប្រយ័ត្នជានិច្ច ព្រោះពេលដែលព្រះអាទិត្យលិចហើយនោះ ពួកជនខិលខូចចាប់ផ្ដើមចេញមកព្រោងព្រាត ប្រសិនជាចាំបាច់នោះពេលអ្នកចេញក្រៅនៅពេលយប់ អ្នកត្រូវនាំមិត្តភ័ក្ដិយ៉ាងតិចម្នាក់ទៅជាមួយផងទើបជាការល្អ។
6. ជ្រើសរើសបន្ទប់ជួលឲ្យបានល្អប្រសិនបើអ្នកជានិស្សិតស្រីក្រមុំ បើសិនជាមានគួរជ្រើសរើសបន្ទប់ជួលដែលមានសុទ្ធតែស្រីៗជាការល្អ នេះចំពោះនិស្សិតស្រីមកពីតាមបណ្ដាខេត្តដែលជួលផ្ទះស្នាក់នៅ ព្រោះការនៅលាយឡំគ្នាមានប្រុសមានស្រី វាអាចកើតហេតុដែលអ្នកមិនអាចគិតនឹកស្មានដល់កើតឡើងមកក៏អាចថា បានដែរ។
7. ទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ ចូរកុំគិតថានៅមហាវិទ្យាល័យរាប់អានតែមិត្តភ័ក្ដិជាការគ្រប់គ្រាន់ នោះ អ្នកត្រូវទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ ដើម្បីជួយផ្ដល់ប្រឹក្សាជាច្រើនដែលទាក់ទងនិងការរៀន និង ការស្វែងរកការងារនៅថ្ងៃខាងមុខ។ ប៉ុន្តែចូរប្រយ័ត្នចំពោះសាស្ត្រាចារ្យមួយចំនួនតូចណានោះក៏មាន បំណងអ្វីមួយផ្សេងទៅវិញដែរ( ជាពិសេសចូរប្រយ័ត្នបើអ្នកជានិស្សិតស្រី។
8. មករៀនឲ្យទៀងទាត់ជានិច្ច ការដែលអ្នកមករៀនមិនទៀងទាត់អាចធ្វើឲ្យអ្នកបាត់បង់ព័ត៌មានមួយ ចំនួន ឧទាហរណ៍ដូចជា មិនបានពិនិត្យឈ្មោះ ក្នុងបញ្ជី ឬ រំលឹកមេរៀនមុនប្រលងជាដើម។ល។
9. គិតឲ្យបានល្អិតល្អន់មុននឹងអ្នកចាប់ផ្ដើមធ្វើអ្វីមួយ មិនថារឿងរៀន ឬការចូលរួមការងារសង្គម អ្នកត្រូវគិតយ៉ាងយកចិត្តទុកដាក់បំផុត មុននឹងចាប់ផ្ដើមប្រតិបត្តិ។
10. រកការងារក្រៅម៉ោងធ្វើពេលដែលអ្នកទំនេរ ព្រោះអាចធ្វើឲ្យអ្នកបានទាំងចំណូលបន្ថែម បានទាំងបទពិសោធន៍។ ចូរចាំទុកថាបទពិសោធន៍គឺមិនមានលក់នៅតាមផ្សារនោះទេ ប្រសិនជាអ្នកចង់បានត្រូវប្រលូកជាមួយវាដោយខ្លួនឯងផ្ទាល់។
11. ខ្ញុំទើបនឹកឃើញវិធីចុងក្រោយនេះ ហើយក៏គិតថាល្អសម្រាប់អ្នករាល់គ្នាបានយកទៅអនុវត្តដែរ។ អ្នកមានដែលធ្លាប់គិតថាចាប់ផ្ដើមពីថ្ងៃដំបូងដែលអ្នកឈានជើងចូល ក្នុងរបងមហាវិទ្យាល័យ ហើយបើអ្នកសាកល្បងសន្សំលុយមួយថ្ងៃ ២,០០០រៀល រហូតដល់ថ្ងៃរៀនចប់មហាវិទ្យាល័យបួនឆ្នាំ ថ្ងៃចុងក្រោយដែលអ្នកដើរចេញពីមហាវិទ្យាល័យ អ្នកមានលុយសន្សំរួចហើយគឺ 2.920.000រៀល នៅក្នុងដៃរបស់អ្នក ដែលវាអាចឲ្យអ្នកចាប់ផ្ដើមគំនិតធ្វើអាជីវកម្មជាលក្ខណៈខ្នាតតូច មួយបាន។ ហើយបើឧបមាកថាអ្នកមានលុយសន្សំមួយថ្ងៃ 10.000រៀលវិញ ក្នុងកំឡុងពេលបួនឆ្នាំ អ្នកនឹងមាន 14.600.000រៀល នៅក្នុងដៃរួចជាស្រេច។
តើអ្នកយល់យ៉ាងណាដែរចំពោះគំនិតទាំងអស់នេះ?
ទោះជាយ៉ាងណាក៏ដោយ ជីវិតរស់នៅក្នុងពេលរៀនមហាវិទ្យាល័យ វាអាស្រ័យលើការសម្របខ្លួនរបស់អ្នកដោយខ្លួនឯង ដើម្បីអនាគតអ្នកខ្លួនឯង។ អ្នកត្រូវប្រើពេលវេលាក្នុងមួយថ្ងៃៗរបស់អ្នកឲ្យអស់តម្លៃរបស់វា សម្រាប់ខ្លួនអ្នក ក្រុមគ្រួសារអ្នក អ្នកនៅជុំវិញខ្លួន អ្នក និងសង្គមរបស់យើង។________________________
ចម្លងនិងកែសម្រួលពី :
មជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិកកម្ពុជា
និពន្ធដោយ : ម៉ាន់ ច័ន្ទឌី
ចែករំលែកបន្តពី ប្លុកអាក្បាលធំ
No comments:
Post a Comment