សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, October 10, 2013

ជុំវិញ​​កិច្ច​ប្រជុំ​​កំពូល​អា​ស៊ាន​-ជប៉ុន​លើក​ទី១៦នៅប្រ៊ុយ​ណេ

ប្រ៊ុយ​ណេ ៖ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន​ លើក​ទី​១៦​បាន​ប្រារព្ធ​បើក​ជា​ផ្លូវ​ការ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ តុលា​ ។​ ក្នុង​កិច្ច​ប្រជុំ​នេះ​ ព្រះចៅ​ស៊ុល​តង់​ សម្ដេច​ អស់​លោក​ លោក​ជំទាវ​ ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ អគ្គលេខាធិកា​រ​អាស៊ាន​ រួម​ទាំង​លោក​ស៊ីន​ហ្សូអាបេ​ នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​បាន​ពិនិត្យ​ពិភាក្សា​លើ​ ៖

១-​ការ​ពិនិត្យ​ឡើង​វិញ​ និង​ទិស​ដៅ​អនាគត​នៃ​ទំនាក់​ទំនង​អាស៊ាន​-​ជប៉ុន​
២-​ប​ញ្ហាផ្សេងៗ​
ប្រមុខ​​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​​នៃ​ប្រទេស​អាស៊ាន​​ថត​រូបរួមគ្នា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុនថ្លែង​ទៅ​កាន់​បណ្ដា​មេដឹក​នាំ​អាស៊ាន​-ជប៉ុន​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា​ វឌ្ឍនភាព​នៃ​ការ​អនុ​វត្ដ​ផែន​ការ​សកម្មភាព​អាស៊ាន​-ជប៉ុន​ឆ្នាំ​២០១១-​២០១៥ ​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ដ​ មិន​គ្រាន់​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ ជម្រៅ​នូវ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ដ​អាស៊ាន​-ជប៉ុន​ ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែមទាំង​បាន​រួម​ចំណែក​ដល់​ការ​កសាង​សហ​គមន៍​​​អាស៊ាន​នា​ឆ្នាំ​ ២០១៥​ និង​បណ្ដា​ឆ្នាំ​ខាង​មុខ​ ។​
នៅ​ចំពោះ​មុខ​បណ្ដា​មេ​ដឹក​នាំ​អាស៊ាន​-ជប៉ុន​ សម្ដេច​តេជោ​ នាយក​រដ្ឋ​មន្ដ្រី​មាន​ប្រសាសន៍​បន្ដ​ថា​ ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​ទំនាក់ទំនង​អាស៊ាន​-ជប៉ុន​ កម្ពុជា​នឹង​ខិតខំ​បំពេញ​ការងារ​ និង​សហការ​ឱ្យ​បានជិត​ស្និទ្ធ​ជា​មួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ និង​ប្រទេស​ជប៉ុន​ ដើម្បី​ធានា​ដល់​ការ​រៀប​ចំ​ឱ្យ​បានជោគ​ជ័យ​នូវ​កិច្ច​ប្រជុំ​កំពូល​រំលឹក​ ខួប​អនុស្សាវរីយ៍​អាស៊ាន​-ជប៉ុន​ ដែលនឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​១៣-១៥​ ធ្នូ​ឆ្នាំ​២០១៣​ នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដើម្បី​អបអរសាទរ​ខួប​៤០​ឆ្នាំ​នៃ​ទំនាក់​ទំនង​កិច្ច​សន្ទនា​អាស៊ាន-​ជប៉ុន​ ។​
សម្ដេច​តេជោ​ ក៏​បាន​បញ្ជាក់​ពី​ផែន​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​វេទិកា​យុវជន​អាស៊ាន​ -ជប៉ុន​ ក្រោម​ប្រធាន​បទ​ «​តួនាទី​របស់​យុវជន​ក្នុង​ទំនាក់​ទំនង​អាស៊ាន​-ជប៉ុន​ ក្នុង​សតវត្ស​ទី​២១​»​ ក្នុងគោល​បំណង​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រជាជន​ និង​លើក​កម្ពស់​ចំណង​មិត្ដ​ភាព​ សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​អាស៊ាន​ និងជប៉ុន​ ។​ បើ​ទោះ​បី​ជា​មិនទាន់​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ក៏ពិត​មែន​ ប៉ុន្ដែ​លោក​ស៊ីនហ្សូអាបេ​ នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ បាន​គូស​បញ្ជាក់​ពី​ការ​តាំង​ចិត្ដ​របស់​រដ្ឋាភិបាល​ជប៉ុន​ ក្នុង​ការ​ជួយ​ដល់​បណ្ដា​ប្រទេស​អា​ស៊ាន​ជា​បន្ដ​ទៀត​ និង​មួយ​ផ្នែក​ទៀត​ជប៉ុន​នឹង​បន្ដ​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ល្អ​ជា​មួយ​ នឹង​អាស៊ាន​ក្នុង​ក្របខណ្ឌ​ចំនួន​៣​គឺ​ ទី​១​-ពាក់​ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​ ទី​២​-​ទំនាក់ទំនង​ និង​ការ​ផ្លាស់​ប្ដូរ​យុវជន​ និង​ទី​៣​-​រវាង​ប្រជាជន​និង​ប្រជាជន​ ។​
ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​ដែរ​ លោក​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​បាន​ផ្ដល់​សារសំខាន់​ដ៏​ខ្ពង់​ខ្ពស់បំផុត​ ចំពោះ​សន្ដិសុខ​ក្នុង​តំបន់​អាស៊ី​ ពិសេស​ការ​ឯក​ភាព​គ្នា​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ ។​ លោក​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ បាន​គូស​បញ្ជាក់​ថា​ ចាប់​តាំង​ពី​រូប​លោក​ឡើង​កាន់​​តំណែង​ជា​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​មក​ លោក​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​៨​រួច​ មក​ហើយ​ នៅ​ប្រទេស​ចំនួន​២​ទៀត​ដែល​លោក​មិនទាន់ធ្វើ​ទស្សនកិច្ច​ ប៉ុន្ដែ​បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​នឹង​ធ្វើ​ទស្សនកិច្ច​ឱ្យ​បាន​មុន​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​ អនុស្សាវរីយ៍​អាស៊ាន​-ជប៉ុន​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៣ ។​
បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ ​ ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-ជប៉ុន​ បាន​ឈាន​ទៅ​ចេញ​សេចក្ដី​ប្រកាស​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ -ជប៉ុន​ លើក​ទី​១៦​ ហើយ​ជា​មួយ​គ្នា​នេះ​បណ្ដា​មេ​ដឹក​នាំ​ទាំង​អស់​បាន​កត់​សម្គាល់​នូវ​ របាយការណ៍​លើក​​ទី​៨​ ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ដ​ផែន​ការ​សកម្មភាព​អាស៊ាន​-ជប៉ុន​ ៕​

អត្ថបទនេះដកស្រង់ពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment